នាវាឆ្មាំឆ្នេរសមុទ្រចិនកាលពីថ្ងៃអង្គារបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវាល្បាតហ្វីលីពីនចំនួន ២ គ្រឿងនៅជិតតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ហើយនេះជាភាពតានតឹងថ្មីមួយទៀតនៅក្នុងដែនទឹកដែលកំពុងមានជម្លោះរវាងប្រទេសទាំងពីរ ។
បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីនលោកឧត្តមសេនីយ៍ត្រី Jay Tarriela បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនអមដោយកប៉ាល់នេសាទកំពុងល្បាតដែនទឹកនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៅពេលដែលនាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ៤ គ្រឿង និងនាវាកងជីវពលចំនួន ៦ គ្រឿងផ្សេងទៀតកំពុងអនុវត្តការល្បាតទប់ស្កាត់ការបង្កហេតុដ៏គ្រោះថ្នាក់ណាមួយ ។
លោកឧត្តមសេនីយ៍ត្រី Tarriela បានបន្ថែមថា ក្នុងពេលដំណាលគ្នានោះ កប៉ាល់ឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវានេសាទហ្វីលីពីន BRP Bankaw ហើយនាវាឆ្មាំសមុទ្រចិន ២ គ្រឿងផ្សេងទៀតបានបើកបុកកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន BRP Bagacay ដោយបណ្ដាលឲ្យបាក់បង្កាន់ដៃនាវា និងខ្ទេចដំបូលនាវា ។
យោងតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានឲ្យដឹងទៀតថា នាវាហ្វីលីពីននៅតែបន្តការងារល្បាតរបស់ខ្លួនដដែល បើទោះបីជាមានសកម្មភាពរំខាន និងបង្អាក់ដំណើរដោយឆ្មាំឆ្នេរសមុទ្រចិនក៏ដោយ ។ នាវាហ្វីលីពីននឹងបន្តអនុវត្តប្រតិបត្តិការស្របច្បាប់របស់ពួកគេដើម្បីគាំទ្រដល់អ្នកនេសាទហ្វីលីពីន និងធានាសុវត្ថិភាព ក៏ដូចជាធនធានជលរបស់ពួកគេផងដែរ” ។
ទោះយ៉ាងណា ប្រទេសចិនបានហៅសកម្មភាពបាញ់ទឹករបស់ខ្លួនកាលពីថ្ងៃអង្គារថាជា “វិធានការចាំបាច់” ។ លោក Gan Yu អ្នកនាំពាក្យឆ្មាំសមុទ្រចិនបាននិយាយថា “ទង្វើរបស់ហ្វីលីពីនបានរំលោភលើអធិបតេយ្យភាពរបស់ចិន” ។ លោកបានទទូចថា “ចិននឹងបន្តអនុវត្តសកម្មភាពស្របតាមច្បាប់ដើម្បីការពារសិទ្ធិសេរីភាពនៅក្នុងដែនទឹករបស់ខ្លួន ហើយនឹងរក្សាយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិដែនសមុទ្ររបស់ប្រទេសយើង” ។
លើសពីនេះ ឆ្មាំឆ្នេរសមុទ្រចិនក៏បានដំឡើងរបាំងអណ្តែតទឹកឡើងវិញផងដែរនៅច្រកចូលបឹងនេសាទដ៏ធំនៃតំបន់ថ្មប៉ប្រះទឹក ស្របពេលដែលឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានដករបាំងស្រដៀងគ្នាដើម្បីអនុញ្ញាតឲ្យប្រជាជនហ្វីលីពីនចូលនេសាទនៅទីនោះបាន ។
សូមជម្រាបជូនថា មួយរយៈចុងក្រោយនេះភាពតានតឹងរវាងចិន និងហ្វីលីពីន នៅដែនទឹកក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះកាន់តែក្ដៅគគុក ស្របពេលថ្មីៗនេះកងកម្លាំងឆ្មាំឆ្នេរចិនក៏បានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវាហ្វីលីពីនផងដែរ ដែលបណ្ដាលឲ្យក្រុមនាវិកមួយចំនួនរងរបួស ៕
បកប្រែ ៖ ទីន