ប្រទេសចិនកាលពីថ្ងៃចន្ទបានរិះគន់កញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកដែលផ្ដល់ទៅឱ្យតៃវ៉ាន់កាលពីពេលថ្មីៗនេះ គឺជាការបញ្ជូនសញ្ញាដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងឯករាជ្យនៅលើដែនកោះមួយនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា “កញ្ចប់ជំនួយនេះរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហើយតាមរយៈការផ្តល់ជំនួយយោធាដ៏ធំធេងដល់តៃវ៉ាន់ គឺរំលោភលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ៣ ចំណុចរវាង ចិន និងអាមេរិក” ។
លោក Lin បានព្រមានថា “ទីក្រុងប៉េកាំងនឹងចាត់វិធានការខ្លាំងក្លាដើម្បីការពារដែនអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួន ។ ការលើកឡើងបែបនេះ ដោយសារតែចិនមានគោលនយោបាយមិនជ្រៀតជ្រែកចូលទៅកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងឡើយ រួមទាំងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិការនេះផងដែរ” ។
អ្នកនាំពាក្យរូបនេះក៏បានជំរុញឲ្យអាមេរិកបញ្ឈប់ភាពច្របូកច្របល់ និងគិតផ្ដេសផ្ដាសមកលើប្រទេសចិនផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែផ្តោតលើទំនាក់ទំនង ចិន-អាមេរិក ដើម្បីឱ្យប្រជាជនទាំងពីរមានស្ថិរភាព និងសុខុលមាលភាពជាជាងដាក់ការស្ដីបន្ទោសឲ្យគ្នាទៅវិញទៅមក ។
ការអះអាងរបស់លោក Lin គឺជាឆ្លើយតបទៅនឹងការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលថា ទីក្រុងប៉េកាំងកំពុងព្យាយាមបង្កើនឥទ្ធិពល និងអាចជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតអាមេរិកនាខែវិច្ឆិកាខាងមុខនេះ ។
លោក Blinken បាននិយាយកាលពីថ្ងៃសុក្រថា “យើងមានព័ស្តុតាងនៃការប៉ុនប៉ងរបស់ចិនក្នុងការបង្កើនឥទ្ធិពល និងការជ្រៀតជ្រែកដោយឥតប្រកែកបានមកលើអាមេរិកនៅគ្រប់ទម្រង់ ហើយយើងសង្ឃឹមថានឹងអាចបង្អាក់សកម្មភាពឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។
សូមជម្រាបជូនថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ ក្នុងនោះជាង ៦០.៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន, ២៦.៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និង ៨ ពាន់លានដុល្លារសម្រាប់សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ផងដែរដើម្បីទប់ទលនឹងឥទ្ធិពលរបស់ចិន ខណៈទីក្រុងប៉េកាំងនៅតែចាត់ទុកដែនកោះមួយនេះជា “ខេត្តបំបែកខ្លួន” ៕
បកប្រែ ៖ ទីន