ថៃតែងតាំងអ្នកការទូតជើងចាស់មួយរូបជារដ្ឋមន្ត្រីការបរទេសថ្មី

ថៃតែងតាំងអ្នកការទូតជើងចាស់មួយរូបជារដ្ឋមន្ត្រីការបរទេសថ្មី

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានប្រកាសតែងតាំងលោក Maris Sangiampongsa ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសតំណែងលោក Parnpree Bahiddha-Nukara ដែលចុះចេញពីតួនាទី ក្រោយអស់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ។

លោក Maris បានប្រគល់ព័ត៌មានលម្អិតមួយចំនួនទៅកាន់លោក Srettha បន្ទាប់ពីដាក់លិខិតលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Tanulux Public Limited (TNL) ហើយភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រីបានសម្រេចតែងតាំងលោក Maris ជារដ្ឋមន្ត្រីការបរទេសថ្មីដោយមិនទុកយូរឡើយ ។

មុនឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី លោក Maris ធ្លាប់បានធ្វើការជាទីប្រឹក្សារបស់លោក Parnpree ក្នុងអំឡុងពេលលោក Parnpree ជារដ្ឋមន្ត្រីការបរទេស ។ លោក​ក៏​ធ្លាប់​បម្រើការ​ជា​ឯកអគ្គរដ្ឋទូត​របស់​​ថៃ​ប្រចាំនៅ​ប្រទេស​មួយ​ចំនួន​រួម​មាន​ ប្រទេស​អូស្ត្រាលី ហ្វីជី និង​នេប៉ាល់ ។

ចំណែកនៅក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra វិញ, លោក Maris ត្រូវបានប្អូនស្រីលោក Thaksin តែងតាំងឲ្យធ្វើជាឯកអគ្គរដ្ឋទូតថៃប្រចាំដែនកោះវ៉ានូអាទូនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយអ្នកការទូតជើងចាស់រូបនេះត្រូវបានគេដឹងថាជាមនុស្សមានទំនាក់ទំនងជិតស្និទជាមួយលោក Thaksin ផងដែរ ។

សូមជម្រាបជូនថា លោក Parnpree Bahiddha-Nukara បានសម្រេចចិត្តដាក់លិខិតលាលែងពីតំណែងជារដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្រោយបាត់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Srettha ។

នៅក្នុងលិខិតលាលែងពីតំណែង លោក Parnpree បាននិយាយថា លោកផ្ទាល់ជឿជាក់ថា រូបលោកមិនមែនត្រូវបានដកតំណែងឧបនាយករដ្ឋមន្ត្រី ដោយសារតែការធ្វើការមិនបានល្អនោះទេ តែផ្ទុយទៅវិញលោកបានធ្វើការបានយ៉ាងល្អ និងបានជួយស្ដារមុខមាត់ ថៃនៅលើឆាកអន្តរជាតិទៀតផង ៕

បកប្រែ៖ ទីន

តាមដានជាមួយយើង៖ Million Times
លោក Maris Sangiampongsa
លោក Parnpree Bahiddha-Nukara