លោកឧត្តមនាវី John Aquilino មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានចោទប្រកាន់ប្រទេសចិនថា កំពុងបង្កើនភាពតានតឹងយ៉ាងសន្សឹមៗនៅក្នុងសមុទ្រចិនខាងត្បូងតាមរយៈសកម្មភាពយោធាដ៏គ្រោះថ្នាក់នៅក្នុងតំបន់ ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យ លោក Aquilino បាននិយាយថា ក្នុងអំឡុងពេល ៣ ឆ្នាំដែលលោកចំណាយពេលជាមេបញ្ជាការកងកម្លាំងអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសចិនបានបង្កើនល្បឿននៃការកសាងយោធា និងមានអាកប្បកិរិយាបត់បែនរហ័ស ហើយបញ្ហាទាំងអស់នេះអាចនឹងនាំឲ្យមានការឈ្លានពានក្នុងកម្រិតគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ។
លោកឧត្តមនាវីអះអាងថា “ប្រទេសចិនកំពុងបង្កើនអាកប្បកិរិយាឈ្លានពានជាមួយនឹងការបង្កើនសម្ពាធបន្តិចម្តង ៗដើម្បីការពារខ្លួនឯងកុំឲ្យមានគ្រោះថ្នាក់ពីបញ្ហាណាមួយ ។ យើងកំពុងតាមដានសកម្មភាពរបស់ទីក្រុងប៉េកាំងថាតើនឹងប្រព្រឹត្តអ្វីលើសពីស្ដង់ដាច្បាប់អន្តរជាតិ ឬរំលោភលើប្រទេសទាំងអស់ក្នុងតំបន់ឬយ៉ាងណា” ។
សេចក្តីថ្លែងការណ៍របស់លោក Aquilino ធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ទៅកាន់ប្រទេសចិន ជាទីដែលអ្នកការទូតកំពូលអាមេរិកបានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ចិន រួមទាំងប្រធានាធិបតីចិន Xi Jinping ផងដែរ ។
ក្នុងជំនួបជាមួយនោះ លោក Xi បាននិយាយប្រាប់លោក Blinken ថា “ប្រទេសទាំងពីរមានការវិវត្តជាវិជ្ជមានមួយចំនួន ចាប់តាំងពីលោកបានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រទេសទាំងពីរគួរតែជាដៃគូ មិនមែនជាគូប្រជែង ឬសត្រូវទេ មិនថាបញ្ហានៅកោះតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងឡើយ” ។ ជាក់ស្ដែង ចាប់តាំងពីជំនួបកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរនៅទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក យន្តហោះចម្បាំងរបស់ចិនហាក់បញ្ឈប់ប្រតិបត្តិការដែនអាកាសនៃការស្ទាក់ចាប់ដ៏គ្រោះថ្នាក់លើយន្តហោះឈ្លបការណ៍អាមេរិកដែលមិនធ្លាប់មានក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ៕
បកប្រែ ៖ ទីន