មានប្រសាសន៍ក្នុងពិធីសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃសុក្រនេះសម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅមេដឹកនាំវៀតណាមថា កម្ពុជាឈប់ចចារជាមួយវៀតណាមទៀតហើយ។ សម្ដេចតេជោថ្លែងថា តាំងពីកាន់តំណែងធំៗមក សម្ដេចមិនដែលសម្រេចចិត្តខុសឡើយ។
ក្នុងវេទិកាដែលមានក្រុមឧកញ៉ាកម្ពុជាជាច្រើនរយនាក់នាពេលនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានព្រមានអ្នកវិទ្យាសាស្រ្តវៀតណាមថា ត្រូវមើលខ្លួនឯងសិន មុនចោទកម្ពុជាថាបំផ្លាញបរិស្ថាន ព្រោះវៀតណាមជីកទំនប់បំផ្លាញកម្ពុជាច្រើនណាស់ ជាពិសេសបង្កជាទឹកជំនន់ដល់កម្ពុជាចំពោះខេត្តព្រៃវែងកណ្ដាល តាកែវ ហើយក្រសួងធនធានកម្ពុជាបានសិក្សារកឃើញ។
សម្ដេចក៏បានចំអកទៅវៀតណាមតាមវេទិការសាធារណដោយមិនតបតាមបែបការទូតបែបនេះ ព្រោះតែថ្នាក់ដឹកនាំវៀតណាមមិនចេះហាមប្រាមមនុស្សថ្នាក់ក្រោម ដែលរិះគន់ព្រែកជីកកម្ពុជាផ្ទុយពីការពិត។
ទន្ទឹមនឹងនេះ សម្តេចបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឲ្យសេដ្ឋ កិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាម រយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕
អត្ថបទ៖ ផល កុសល