សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានហៅថាលោក សម រង្សុី ជាអ្នកនយោបាយចាស់វស្សាដែលមិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ។ ការហៅលោក សម រង្សុី យ៉ាងដូច្នេះពីប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីលោកបានវាយប្រហារនិយាយរិះគន់ និងវាយតម្លៃអំពីផលប្រយោជន៍សេដ្ឋកិច្ចពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលកម្ពុជាទទួលបាន។
លោក សម រង្សុី ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកនយោបាយកំពុងរស់នៅក្រៅប្រទេស បានវាយតម្លៃតាមរយៈសារនយោបាយពីគម្រោងព្រែកជីកហ្វូណនតេជោ ថាមិនបានបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឡើយ។ លោកថា ព្រែកជីកនេះបំណងធំបម្រើផលប្រយោជន៍ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ សម្តេច ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានហៅការនិយាយរបស់លោក សម រង្សុី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។
សម្តេចបានប្រាប់ទៅលោក សម រង្សុី ថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីបានចោទសួរថា «តើគាត់(សម រង្សុី)ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការកាត់បន្ថយពេលវេលា ចម្ងាយ និងថ្លៃដើមនៃការដឹកជញ្ជូនបច្ចុប្បន្នដោយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារ អភិវឌ្ឍតំបន់រណបថ្មីជាច្រើន និង ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ប្រព័ន្ធធារាសាស្រ្ត វារីវប្បកម្ម និងបសុសត្វ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍបង្គោលសេដ្ឋកិច្ចទី៤ របស់កម្ពុជា បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ជំរុញការអភិវឌ្ឍន៍ទីក្រុង និងនគរូបនីយកម្ម និងជំរុញកំណើនអចលនទ្រព្យ៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម