មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហៅការបង្ហោះសារនយោបាយរបស់លោក សម រង្សុី នៅក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ថា ជាសារដ៏ល្ងិតល្ងង់ និងក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។
លោក សម រង្សុី អតីតមេដឹកនាំគណបក្សប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ បំណងធំនៃព្រែកនេះមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។
លោកបន្តថា មូលដ្ឋានសឹករបស់ចិននៅរាម ក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិនជួយការពារអំណាចផ្តាច់ការរបស់ខ្លួន។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងរូបនេះដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។
លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃពុធនេះ លោក គិន ភា លើកឡើងថា ខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរបែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកនិយាយថា បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។
លោកបន្តថា «បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ»។
យ៉ាងណាសម្រាប់លោក គិន ភា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។ សម្តេចថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ»។
តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕