សហរដ្ឋអាមេរិក កោតសរសើរកម្ពុជាដែលបានរៀបចំយ៉ាងល្អទទួលប្រធានាធិបតី ចូ បៃដិន (Joe Biden) នាពេលកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ស្របពេលដែលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់នៃបញ្ហាសង្រ្គាម។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងការកោតសរសើរកម្ពុជា ដោយហេតុថាស្របពេលដែលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងនោះ កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។
ការថ្លែងគូសបញ្ជាក់របស់លោក W. Patrick Murphy ធ្វើឡើងនៅចំពោះមុខលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសនៃជំនួបសម្ដែងការគួរសម និងជម្រាបលាមុនពេលឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា។
ការចេញមកសម្តែងការកោតសរសើរកម្ពុជាពីទូតអាមេរិក គឺទំនងជាផ្តោតទៅលើបញ្ហាសន្តិសុខសុវត្ដិភាពដល់ដំណើរទស្សនកិច្ចមេដឹកនាំមហាអំណាចពិភពលោករូបនេះមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាម្ចាស់ផ្ទះ ខណៈរដ្ឋាភិបាលលោកខាងលិចតែងតែបង្ហាញការព្រួយបារម្ភពីបញ្ហាសន្តិសុខនៅប្រទេសកម្ពុជា។
គួររំលឹកថា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានមកប្រទេសកម្ពុជារយៈពេល ២ថ្ងៃ គឺនៅព្រឹកថ្ងៃទី១២ ហើយលោកស្នាក់នៅក្រុងភ្នំពេញដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មកដល់កម្ពុជាបានប៉ុន្មានម៉ោងលោក ចូ បៃដិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគី។ ក្នុងជំនួបនោះលោក បៃដិន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
ក្នុងជំនួបដដែលនេះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់លោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ និង CDC