លោក ជា ប៉ូច ផ្តាច់ខ្លួនចេញពីលោក សម រង្សុី ហើយស្នើសម្តេច ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រកាន់

លោក ជា ប៉ូច អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងកំពត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ប្រកាសផ្តាច់ខ្លួនពីលោក សម រង្សុី និងក្រុមអតីតគណបក្សប្រឆាំងដោយសារអស់ជំនឿ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រកាន់របស់លោកចំពោះទង្វើរប្រព្រឹត្តកន្លងទៅ។

នៅថ្ងៃទី២៣ ខែមេសានេះ លោក ជា ប៉ូច បានដាក់លិខិតជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបង្ហាញនូវការសោកសោកស្តាយដែលធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅធ្វើឲ្យប៉ះពាល់ដល់សំណើការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងលិខិតមួយទំព័រនោះលោក ជា ប៉ូច អះអាងប្រាប់សម្តច ហ៊ុន សែន ថាលោកបានផ្តាច់ខ្លួនចេញពីលោក សម រង្សុី និងឈប់ធ្វើសម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើនយោបាយបរទេសនិយម ការមួលបង្កាច់ ការជរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងការផ្សះផ្សាយជាតិបាន។

ទន្ទឹមនឹងនេះ អតីតសមាជិកបក្សប្រឆាំងរូបនេះ បានស្នើសុំសម្តេចប្រធានព្រឹទ្ធសភា សុំឲ្យតុលាការលើកលែងការចោទប្រេកាន់ដល់លោកចំពោះទង្វើដែលប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ ដើម្បីឲ្យលោកធ្វើជាប្រជាពលរដ្ឋល្អ ហើយរស់ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេច។

សូមរំលឹកថា នៅក្នុងលិខិតចំហរមួយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដែលមិនមានចុះហត្ថលេខា ផ្ញើជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ជា ប៉ូច បានប្រកាសដាច់អហង្ការចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានចោទរូបលោកថាមានបំណងផ្តួលរំលំសម្តេច ហ៊ុន សែន។ Fresh News បានលើកយកឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទី ដែលជាសម្លេងលោកជា ប៉ូច មកចុះផ្សាយថា«គោលដៅខ្ញុំគឺត្រូវទម្លាក់ ហ៊ុន សែន ឲ្យបាន»។

ក៏ប៉ុន្តែ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥​ ខែឧសភា លោក ជា ប៉ូច ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃ បានសរសេរលិខិតបំភ្លឺខ្លីមួយទៀតទៅកាន់សម្តេច ហ៊ុន សែន ដែលមានខ្លឹមសារថាជាការនិយាយមានការឆ្គាំឆ្គង ប៉ះពាល់ដល់សម្តេច ហ៊ុន សែន ដែលលោកធ្វើការសុំទោសពីចម្ងាយ។ តាមការពន្យល់របស់លោក ជា ប៉ូច ពាក្យដែលលោកនិយាយថា «ស៊ូទម្លាក់សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីដែលធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣​ នៅក្នុងឱកាសជួបជាមួយសកម្មជននោះ គឺក្នុងន័យតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលធ្វើឡើងរៀងរាល់៥ឆ្នាំ បោះឆ្នោតម្តង៕

អត្ថបទ៖ សាង តេជៈ