នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រើពេលវេលាជាង ៣ម៉ោងជួបសន្ទនាជាមួយសមាជិកសភាមកពីគណបក្សប្រឆាំងចំនួន៣រូប ខណៈដែលសម្តេចបង្ហាញនូវជំនឿជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អ។
សមាជិកសភាខាងគណបក្សប្រឆាំងទាំង៣រូប ដែលសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយគឺលោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោក សេង ម៉ាឌី និងលោក គង់ មុនីកា។
ក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចជាមួយអនុប្រធានទាំង២រូប បានជួបសន្ទនាជាមួយ លោក សុក ហាច លោក សេង ម៉ាឌី លោក គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា «ជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទស្នាល គោរពគ្នាទៅវិញទៅមកធ្វើឲ្យខ្ញុំជឿជាក់ថាព្រឹទ្ទសភានិងដំណើការល្អ។ យើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅ»។
សូមជម្រាបថា ក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរ ដែលជាបុត្រសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ដណ្ដើមបានកៅអីសមាជិកព្រឹទ្ធសភាចំនួន៣អាសនៈ។ ក្នុងនោះលោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ ជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ត្រូវបានបោះឆ្នោតឱ្យធ្វើជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)។
លោក សេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរនេះ ជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន) ត្រូវបានបោះឆ្នោតឱ្យធ្វើជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា)។
ចំណែកឯលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ជាប់ជាសមាជិកព្រឹទ្ធសភាដែលមានតួនាទីជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១)៕
អត្ថបទ៖ ម៉ា ស៊ីខា