ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងទូលថ្វាយព្រះមហាក្សត្រ តាមនីតិវិធីដើម្បីអនុញ្ញាតិឲ្យលោក គង់ សភា អតីតសមាជិកគណបក្សសង្គ្រោះជាតិអាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមការស្នើសុំពីលោក គង់ សភា។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី១៨ ខែមេសានេះថា សម្តេចបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក គង់ សភា ដែលផ្ញើមកឲ្យសម្តេច។ សម្តេចសូមស្វាគមន៍។សម្តេចបានសង្កត់ធ្ងន់ថា «ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បីអោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ»។
ការដែលប្រកាសទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសឲ្យលោក គង់ សភា របស់សម្តេចនាយករដ្ឋមន្រ្តី គឺបន្ទាប់លោក សភា បានដាក់លិខិតសុំអន្តរាគមន៍លើកលែងទោសចំនួនមួយទំព័រមកកាន់សម្តេច ដោយបញ្ជាក់ពីការសោកស្តាយដែលរាល់ទង្វើនិងសកម្មភាពមួយចំនួនកន្លងទៅរបស់លោកបានធ្វើឲ្យប៉ះពាល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
ក្នុងលិខិតខាងលើនោះ លោកអតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀងមកពីគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា សម្តេចនាយករដ្ឋមន្រ្តីនឹងជួយអន្តរាគមន៍ឲ្យលោកបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់ប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរាដោយក្តីមេត្តាបំផុត៕
អត្ថបទ៖ សាង តេជៈ