ដំណើររឿងសេដ្ឋីវៀតណាម ៥រូបទម្រាំកើបលុយពាន់លានដុល្លារក្លាយជាអ្នកមានដាច់គេក្នុងប្រទេស

ដំណើររឿងសេដ្ឋីវៀតណាម ៥រូបទម្រាំកើបលុយពាន់លានដុល្លារក្លាយជាអ្នកមានដាច់គេក្នុងប្រទេស

ត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសវៀតណាមបន្តកត់ត្រាមហាសេដ្ឋីមានបំផុតរបស់ខ្លួនដែលមកវិស័យផ្សេងគ្នា ក្នុងនោះ ម្ចាស់ក្រុមហ៊ុន VietJet Air ម្ចាស់ក្រុមហ៊ុន Techcombank ក៏ស្ថិតក្នុងបញ្ជីអ្នកមានជាងគេផងដែរ។ មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីឈ្មោះដែលកំពុងជាប់ឃុំខ្លួនលោកស្រី Truong My Lan ធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសវៀតណាមផ្នែកអចលនទ្រព្យ មុនពេលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការឆបោកប្រាក់ និងបំណុលវ័ណ្ឌកជាដើម។

យោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិសរុបរបស់បុគ្គលដែលមានបំផុតទាំង ៥នៅក្នុងប្រទេសវៀតណាមមានចំនួនប្រហែល ១២.១ពាន់លានដុល្លារអាមេរិក។ ថ្វីបើមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ក៏ទ្រព្យសម្បត្តិរួមរបស់ពួកគេនៅតែមានចំនួនតិចជាងអ្វីដែលមហាសេដ្ឋីអចលនទ្រព្យដ៏អាម៉ាស លោកស្រី Lan ។

គេហទំព័រ Million Times សូមនាំប្រិយមិត្តក្រឡេកមើលមហាសេដ្ឋីទាំង ៥រូបរបស់វៀតណាម និងផ្លូវរបស់ពួកគេក្នុងការទទួលបានទ្រព្យសម្បត្តិយ៉ាងសម្បើម ដែលម្នាក់ៗហាក់ដូចជាមានរឿងរ៉ាវខុសៗគ្នាទម្រាំបានក្លាយជាអ្នកមានបំផុតក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ យោងតាមទស្សនាវដ្តី Forbes ។

៥.លោក Tran Ba ​​Duong អាយុ ៦៤ឆ្នាំ មានទ្រព្យសម្បត្តិ៖ ១,២ ពាន់លានដុល្លារ

តាមដានជាមួយយើង៖ Million Times

មហាសេដ្ឋីដែលបង្កើតដោយខ្លួនឯង លោក Tran បានចាប់ផ្តើមធ្វើការជាមេកានិកនៅក្នុងរោងចក្ររថយន្តមួយ មុនពេលចាប់ផ្តើមចេញបើកអាជីវកម្មរបស់ខ្លួននៅក្នុងឧស្សាហកម្មមួយនេះ។ លោកបង្កើតក្រុមហ៊ុន Truong Hai Group ក្នុងឆ្នាំ១៩៩៧ ដែលដំបូងឡើយគេស្គាល់ថា Truong Hai Auto Corporation ផ្តោតទៅលើការលក់រថយន្ត ប៉ុន្តែលោកបានផ្លាស់ប្តូរយ៉ាងលឿន ដោយទៅផ្តោតលើការតំឡើងរថយន្តដែលសហការជាមួយក្រុមហ៊ុនផលិតរថយន្តបរទេស រួមទាំង Kia Mazda និង Peugeot ។

នៅឆ្នាំ២០០៨ ក្រុមហ៊ុនរបស់លោកបានពង្រីកការវិនិយោគរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនសិង្ហបុរី Jardine Cycle and Carriage ជាក្រុមហ៊ុនពហុជាតិ Jardine Matheson មានមូលដ្ឋាននៅទីក្រុងហុងកុង បានទិញភាគហ៊ុនដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះក្លាយជាសាជីវកម្មកាន់កាប់ពហុឧស្សាហកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ បច្ចុប្បន្នត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Thaco Group ក្រុមហ៊ុននេះក៏វិនិយោគលើអចលនទ្រព្យ កសិកម្ម និងភស្តុភារផងដែរ។

៤.លោក Ho Hung Anh អាយុ ៥៣ឆ្នាំ មានទ្រព្យសម្បត្តិ៖ ១,៧ ពាន់លានដុល្លារ

លោក Ho គឺជាសហស្ថាបនិកក្រុមហ៊ុន Masan Group ដែលមានដៃគូអាជីវកម្មរបស់លោកម្នាក់ទៀត គឺលោក Nguyen Dang Quang ។ ពួកគេបានជួបគ្នាពេលអ្នកទាំងពីរកំពុងសិក្សានៅប្រទេសរុស្ស៊ី។

Masan Group គឺជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាឦ ដែលប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរួមមាន Techcombank និង Masan Resources ជាប្រតិបត្តិការរុករករ៉ែ។ លោក Ho ក៏ជាប្រធានធនាគារ Techcombank ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងប្រទេសដែលចាប់ផ្តើមបើកដំណើរការជាសាធារណៈក្នុងខែមិថុនា ឆ្នាំ២០១៨។

៣.លោក Tran Dinh Long អាយុ ៦៣ឆ្នាំ មានទ្រព្យសម្បត្តិ៖ ២,៣ ពាន់លានដុល្លារ

ប្រធានសាជីវកម្ម Hoa Phat លោក Tran បានបង្កើតក្រុមហ៊ុនឧបករណ៍ និងគ្រឿងបន្លាស់ក្នុងឆ្នាំ១៩៩២ ហើយក្រោយមកបានពង្រីកអាជីវកម្មរបស់ខ្លួនរហូតឱ្យក្លាយជាអ្នកផលិតដែកដ៏ធំបំផុតនៅក្នុងប្រទេស ដោយផ្តោតលើវិស័យសំណង់ ចាប់ពីបំពង់ដែក និងឧបករណ៍សំណង់ ឧបករណ៍ការិយាល័យ។ បន្ទាប់ជោគជ័យបន្តបន្ទាប់លោកក៏បានក្លាយក្រុមហ៊ុនទៅជា Hoa Phat Group ។

ថ្មីៗនេះក្រុមហ៊ុនរបស់លោក Tran បានវិនិយោគលើរោងចក្រថ្មីមានតម្លៃ ៣ពាន់លានដុល្លារនៅខេត្ត Dung Quat ភាគខាងកើតប្រទេសវៀតណាម ហើយត្រូវបានគេរំពឹងថានឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីតាមទាន់កំណើនសេដ្ឋកិច្ចរបស់ប្រទេស និងតម្រូវការឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើន។

២.លោកស្រី Nguyen Thi Phuong Thao អាយុ ៥៣ឆ្នាំ មានទ្រព្យសម្បត្តិ៖ ២,៧ ពាន់លានដុល្លារ

លោកស្រី Nguyen ទទួលបានជោគជ័យយ៉ាងសម្បើមក្នុងវិស័យអចលនទ្រព្យ ដែលជាប់ចំណាត់ថ្នាក់លេខ ៥៣ ក្នុងបញ្ជី Forbes’s The World’s Most Powerful Women 2023 បានចំណាយពេលជាច្រើនឆ្នាំក្នុងការធ្វើផែនការ និងស្រាវជ្រាវនៅក្នុងឧស្សាហកម្មអាកាសចរណ៍ មុនពេលចាប់ផ្តើមក្រុមហ៊ុន VietJet Air ដែលលោកស្រីបានប្រកាសចាប់ផ្តើមប្រតិបត្តិការហោះហើរក្នុងឆ្នាំ២០១៧។

មួយឆ្នាំបន្ទាប់ពីការចុះបញ្ជីក្រុមហ៊ុនអាកាសចរណ៍របស់លោកស្រី ក្នុងនាមជាអនុប្រធាន និងជាអ្នកវិនិយោគនៅក្នុង HDBank ស្ត្រីមានជាងគេបំផុតរបស់វៀតណាមរូបនេះ បានជួយផ្លាស់ប្តូរក្រុមហ៊ុននេះទៅជាក្រុមហ៊ុនចុះបញ្ជីសាធារណៈនៅផ្សារហ៊ុនទីក្រុងជីមិញ។

សហគ្រិនស្រ្តីដែលតស៊ូរហូតក្លាយជាមហាសេដ្ឋី​ដែល​បង្កើត​ដោយ​ខ្លួន​ឯង​ដដែលនេះ ​ក៏​មាន​ភាគហ៊ុន​ក្នុង​វិស័យ​​សណ្ឋាគារ អចលនទ្រព្យ និង​រមណីយដ្ឋាន​នៅតាមឆ្នេរជាដើម។

១.លោក Pham Nhat Vuong អាយុ៥៥ឆ្នាំ មានទ្រព្យសម្បត្តិ៖ ៤,២ ពាន់លានដុល្លារ

ដូចមហាសេដ្ឋីធំៗមួយចំនួននៅអាស៊ីដែរ លោក Pham បានបង្កើតទ្រព្យសម្បត្តិមហាសាលដោយខ្លួនឯង ពីការចាប់ផ្តើមរកស៊ីផ្នែកអាហារ និងមីកញ្ចប់។ បន្ទាប់ពីការសិក្សានៅប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Pham បានបង្កើតក្រុមហ៊ុនមីកញ្ចប់មួយនៅអ៊ុយក្រែន មុនពេលត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីកសាងអាណាចក្រជំនួញរបស់លោក។

ឥឡូវនេះលោក Pham ជាប្រធានសម្ព័ន្ធ Vingroup ដែលជាក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសវៀតណាម បោះទុនក្នុងពហុវិស័យរួមាន៖ អចលនទ្រព្យ និងការលក់រាយ។ ថ្មីៗ​នេះ ក្រុម​ហ៊ុនបាន​បង្កើត​រថយន្ត​អគ្គិសនីជាមួយ​នឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ VinFast ​របស់ខ្លួន។

នៅឆ្នាំ២០២៣ លោក Pham ត្រូវបានប្រកាសថាជាអ្នកមានបំផុតទី៥ នៅអាស៊ីដោយទស្សនាវដ្តី Forbes នៅពេលដែលលោកបានយក VinFast ជាសាធារណៈនៅលើ Nasdaq ។ ក្រុមហ៊ុននេះកំពុងវិនិយោគយ៉ាងសម្បើមដើម្បីគាំទ្រការផលិតរថយន្តអគ្គិសនីជាមួយទំហំទុនវិនិយោគចំនួន ៤០០លានដុល្លារអាមេរិកសាងសង់ស្ថានីយ៍សាកថ្ម ហើយដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាមកាលខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ ជីវ័ន រូបភាព៖ បណ្តាញសង្គមវៀតណាម