ម៉ុងហ្គោលី បដិសេធមិនចាប់ខ្លួនលោក ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសខ្លួន

ម៉ុងហ្គោលី បដិសេធមិនចាប់ខ្លួនលោក ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសខ្លួន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ ដែលទទួលស្វាគមន៍យ៉ាងអធិកអធមពីប្រធានាធិបតី Ukhnaa Khurelsukh ។

ដំណើរ​ទស្សនកិច្ច​​ផ្លូវ​ការ​របស់ប្រមុខរដ្ឋរុស្សុីរូបនេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​ដីកា​អន្តរជាតិ​សម្រាប់​ការ​ចាប់​ខ្លួន​លោក​ពីបទ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ជិត ១៨ ខែ​មុន។ វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅកាន់​ប្រទេសសមាជិក​នៃ​តុលាការ​មួយនេះ។

តាមដានជាមួយយើង៖ Million Times

សមាជិកនៃតុលាការអន្តរជាតិ ICC មានកាតព្វកិច្ចឃុំខ្លួនជនសង្ស័យ ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ ប៉ុន្តែតុលាការមិនមានយន្តការអនុវត្តណាមួយឡើយ។ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​ម៉ុងហ្គោលី​ប្រគល់​លោក ពូទីន ទៅ​តុលាការ​ក្នុង​ទីក្រុង​ឡាអេ ហើយ​សហភាព​អឺរ៉ុប​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ម៉ុងហ្គោលី​អាច​នឹង​មិន​អនុវត្ត​ដីកា​នោះ។ អ្នកនាំពាក្យរបស់ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា វិមានក្រឹមឡាំងមិនមានការព្រួយបារម្ភទេ។

មេដឹកនាំរុស្ស៊ីត្រូវបានស្វាគមន៍នៅក្នុងពិធីមួយក្នុងរដ្ឋធានី Ulaan Bator របស់ម៉ុងហ្គោលី ដោយឆ្មាំកិត្តិយសស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហម និងខៀវយ៉ាងរស់រវើក រចនាម៉ូដជាឆ្មាំផ្ទាល់ខ្លួនរបស់មេដឹកនាំសតវត្សទី១៣ លោក Genghis Khan ដែលជាស្ថាបនិកនៃចក្រភពម៉ុងហ្គោល។

ប្រធានាធិបតីរុស្សុី ពូទីន និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaa Khurelsukh បានដើរលើកម្រាលព្រំក្រហមនៃវិមានរដ្ឋាភិបាល ហើយអោនមុខរូបសំណាក Genghis Khan មុនពេលចូលទៅក្នុងអគាររដ្ឋាភិបាលសម្រាប់ជំនួបរបស់ពួកគេ។

សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនាពេលនេះ លោក ពូទីន នឹងចូលរួមពិធីរំលឹកខួបលើកទី៨៥ នៃជ័យជំនះសមរភូមិសូវៀត និងម៉ុងហ្គោលីលើកងទ័ពជប៉ុនដែលបានកាន់កាប់តំបន់ ម៉ាន់ជូរី នៅភាគឦសានប្រទេសចិន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ RT