តំណាងអយ្យការបើកការស៉ើបសួរ​ លោក គុយ វ៉ាត ពីបទ​៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន

តំណាងអយ្យការបើកការស៉ើបសួរ​ លោក គុយ វ៉ាត ពីបទ​៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន

តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរ លោក គុយ វ៉ាត ពីបទ៖​ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក្រោយការឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហាកន្លង។ នេះបើតាមអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់កាសែតក្នុងស្រុក។

លោក គុយ វ៉ាត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលជាប់ពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់ និងបទឆបោកប្រាក់ផ្សេងៗទៀតខ្ទង់ ៤០០លានដុល្លារអាមេរិក។

លោក គុយ វ៉ាត ជាម្ចាស់ហាង Park Coffee ព្រមទាំងមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងដៃ ហើយក្នុងនោះលោកធ្លាប់ជាអតីត​អគ្គ​នាយក​ក្រុមហ៊ុន​ខេមបូឌាន​ អ៊ិនវេសស្ទ័រ ​ឃែភីថល​ ផាត​នើរ ​ម.ក​ (CIC)​។ ការ​ចាប់​ខ្លួន​លោក ​គុយ វ៉ាត​ កើត​ឡើង​ ក្រោយ​មាន​អ្នក​បណ្តាក់​ទុន​មួយ​ចំនួន​ក្នុង​ក្រុមហ៊ុន ​CIC​ បាន​ឱ្យ​ដឹង​ពី​ការ​ខាត​បង់​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ។​

មុន​ការ​ចាប់​ខ្លួន​លោក​ គុយ វ៉ាត​ ក្រុមហ៊ុន​ CIC​ បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​ចូលរួម​ក្នុង​យន្តការ​ដោះ​ស្រាយ​ពាក់ព័ន្ធ​លុយ​ជាង​ ១០០ ​លាន​ដុល្លារអាមេរិក​ ខណៈ​ក្រុមហ៊ុន​កំពុង​តែ​វេច​ខ្ចប់​ទ្រព្យ​ដើម្បី​ដោះស្រាយ​ជូន​ទៅ​អ្នក​វិនិយោគ​វិញ។​ នេះ​បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២៤៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម