រដ្ឋអាជ្ញាទីក្រុងបារីសមិនបញ្ជាក់ពីមូលហេតុចាប់ខ្លួនមហាសេដ្ឋីម្ចាស់ Telegram ខណៈការរិះគន់ធ្លាក់មក

រដ្ឋអាជ្ញាទីក្រុងបារីសមិនបញ្ជាក់ពីមូលហេតុចាប់ខ្លួនមហាសេដ្ឋីម្ចាស់ Telegram ខណៈការរិះគន់ធ្លាក់មក

មហាសេដ្ឋី Pavel Durov ម្ចាស់បណ្តាញសង្គម Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Le Bourget ជាយទីក្រុងប៉ារីស ដែលលោកបានធ្វើដំណើរពីប្រទេស Azerbaijan។

ការចាប់ខ្លួនមហាសេដ្ឋីវ័យ ៣៩ឆ្នាំរូបនេះ ចំពេលមានការស៊ើបអង្កេតទៅលើបណ្តាញសង្គម Telegram ដែលជាកម្មវិធីផ្ញើសារល្បី ក្រោមហេតុផល Telegram អនុញ្ញាតឱ្យមានឧក្រិដ្ឋកម្មនៅលើកម្មវិធីរបស់ខ្លួនដោយសារតែការខ្វះកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីអនុវត្តច្បាប់។ 

តាមដានជាមួយយើង៖ Million Times

យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Durov ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងការបដិសេធ និងទង្វើធ្វេសប្រហែសរបស់ Telegram នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីអនុវត្តច្បាប់របស់ប្រទេសបារាំង ដូចជាអំពើភេរវកម្ម ជួញដូរគ្រឿងញៀន ឆបោក និងលាងលុយកខ្វក់។

វាមិនទាន់មានភាពច្បាស់នៅឡើយទេពាក់ព័ន្ធនឹងការចាប់ខ្លួនលោក Durov តើទីភ្នាក់ងារបារាំងមួយណាបានឃុំខ្លួន Durov ឬការចោទប្រកាន់ពីបទអ្វីដែលលោកកំពុងប្រឈម ហើយការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់កាសែត The New York Times ។

មេធាវីម្នាក់របស់លោក Durov ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បាននិយាយរិះគន់ការចាប់ខ្លួនលោក Durov ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា វាដូចជាក្រុមហ៊ុនផលិតរថយន្តដែលត្រូវបានរិះគន់ចំពោះគ្រោះថ្នាក់ ឬធ្លាប់ប្រើសម្រាប់ដឹកជញ្ជូនគ្រឿងញៀន។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្តាញសង្គម X ខ្លួនបានស្នើសុំឱ្យអាជ្ញាធរបារាំងបញ្ជាក់ពីមូលហេតុដែល Durov ត្រូវបានឃុំខ្លួន ប៉ុន្តែបារាំងមិនបានឆ្លើយតបនឹងសំណើនោះទេ។

ការចាប់ខ្លួន Durov ទទួលការរិះគន់ពីនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត រួមទាំងមហាសេដ្ឋី Elon Musk ម្ចាស់កម្មវិធី X ដែលបានបង្ហោះវីដេអូ Durov ហើយបានសរសេរលើបណ្តាសង្គម X ជាមួយនឹងចំណងជើងថា “FreePavel” ។ លោក Chris Pavlovski នាយកប្រតិបត្តិ Rumble ជាគេហទំព័រចែករំលែកវីដេអូដែលពេញនិយមមួយបាននិយាយថា ប្រទេសបារាំងបានឆ្លងកាត់បន្ទាត់ក្រហមដោយសារការចាប់ខ្លួន Durov ម្ចាស់បណ្តាញសង្គម Telegram ។

បើយោងតាមទស្សនាវដ្តី Forbes ប៉ាន់ស្មានថា មហាសេដ្ឋី Durov មានទ្រព្យសម្បត្តិប្រហែល ១៥.៥ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតទី១៥០ នៅលើពិភពលោក គិតត្រឹមព្រឹកថ្ងៃអាទិត្យ។

សូមជម្រាងថា Telegram គឺជាកម្មវិធីផ្ញើសារដែលប្រកួតប្រជែងជាមួយកម្មវិធី WhatsApp និង Signal ដែលមហាសេដ្ឋី Durov បានបង្កើតក្នុងឆ្នាំ២០១៣ ប៉ុន្មានឆ្នាំបន្ទាប់ពីលោកបានបង្កើត Vkontakte ជាបណ្តាញសង្គមដ៏ធំបំផុតរបស់រុស្ស៊ី។ កម្មវិធីនេះ Telegram មិនអាចចូលប្រើបានដោយនរណាក្រៅពីអ្នកផ្ញើ និងអ្នកទទួល រួមទាំងសេវាកម្មផ្ញើសារផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ GETTY IMAGES