លោក ថាក់ស៊ីន ចេញមុខនិយាយរឿងគម្រោងចែកលុយឌីជីថល ជិត ១៥ពាន់លានដុល្លារឲ្យពលរដ្ឋជំរុញសេដ្ឋកិច្ចថៃឡើងវិញ

លោក ថាក់ស៊ីន ចេញមុខនិយាយរឿងគម្រោងចែកលុយឌីជីថល ជិត ១៥ពាន់លានដុល្លារឲ្យពលរដ្ឋជំរុញសេដ្ឋកិច្ចថៃឡើងវិញ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការផ្តល់ថវិកាចំនួន ៥០០ពាន់លានបាត ដែលស្មើនឹង ១៤.៥ពាន់លានដុល្លាររបស់គណបក្សកាន់អំណាច គឺត្រូវការជាចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ថៃដែលកំពុងបន្តការធ្លាក់ចុះ។

ទោះបីជាលោកមិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែលោក ថាក់ស៊ីន គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងនយោបាយថៃ ហើយត្រូវបានគេមើលឃើញថាជាអ្នករៀបចំតំណែងនាយករដ្ឋមន្ត្រីឲ្យកូនស្រីអាយុ ៣៧ឆ្នាំរបស់លោក គឺលោកស្រី Paetongtarn Shinawatra ។

តាមដានជាមួយយើង៖ Million Times
Thailand’s former Prime Minister Thaksin Shinawatra, left and his daughter and newly elected Prime Minister Paetongtarn Shinawatra arrive before the royal endorsement ceremony appointing Paetongtarn as Thailand’s new prime minister at Pheu Thai party headquarters in Bangkok, Thailand, Sunday, Aug. 18, 2024. (AP Photo/Sakchai Lalit)

មេដឹកនាំ​គណបក្ស​ភឿ​ថៃ​ ដែល​មាន​ប្រជា​ប្រិយ​ភាពលោកស្រី Paetongtarn ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុនជំនួស​លោក សេដ្ឋា ថាវីស៊ីន ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយ​ដីកា​តុលាការ។

លោក ថាក់ស៊ីន បាននិយាយក្នុងវេទិកាមួយនៅរាជធានីបាងកក ថា៖ “យើងត្រូវជំរុញសេដ្ឋកិច្ច ខណៈដែលប្រទេសរបស់យើងបានរីកចម្រើនយឺតៗ អស់រយៈពេលជាយូរមកហើយ”។ ក្នុងវេទិកានោះលោកបានបង្ហាញពីអត្ថប្រយោជន៍នៃគម្រោងចែកចាយកាបូបឌីជីថល ដែលជាការសន្យាក្នុងយុទ្ធនាការដ៏សំខាន់សម្រាប់គណបក្សរបស់លោកនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។

គម្រោងចែកចាយ “កាបូបឌីជីថល” ដែលនឹងធ្វើឱ្យប្រជាជនថៃប្រហែល ៥០លាននាក់ទទួលបានឥណទាន ១០,០០០ បាតតាមរយៈកម្មវិធីស្មាតហ្វូនដើម្បីចំណាយក្នុងស្រុករយៈពេល ៦ខែនោះ ត្រូវបានគេគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅត្រីមាសទី៤ ក្រោមការដឹកនាំរបស់លោក សេដ្ឋា។ យ៉ាង​ណា​ក៏​ដោយ ការ​ចាកចេញ​របស់​លោក​ សេដ្ឋា បាន​បង្ក​ការ​សង្ស័យ​ខ្លះ​ថា​ តើ​វា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ឬ​យ៉ាង​ណា។

ការកត់សម្គាល់របស់លោក ថាក់ស៊ីន កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា លោកស្រី Paetongtarn ទំនងជានឹងបន្តផែនការនេះ ដែលកើតឡើងក្រោមការរិះគន់ពីអ្នកជំនាញសេដ្ឋកិច្ច និងធនាគារកណ្តាលរបស់ប្រទេសថៃ។

អតីតនាយករដ្ឋមន្ត្រីដែលបានចំណាយពេល ១៥ឆ្នាំក្នុងការនិរទេសខ្លួនឯង មុនពេលវិលត្រឡប់ទៅកាន់ប្រទេសថៃវិញកាលពីឆ្នាំមុន លោក ថាក់ស៊ីន បាននិយាយថា រដ្ឋាភិបាលរបស់កូនស្រីរបស់លោកនឹងអាចដោះស្រាយជាមួយនឹងបញ្ហាប្រឈមដែលរារាំងដល់កំណើនសេដ្ឋកិច្ច។ លោកនិយាយថា រដ្ឋាភិបាលកំពុងពិចារណាប្រើប្រាស់ថវិកាចំនួន ១៤៥ពាន់លានបាតពីថវិកាសារពើពន្ធឆ្នាំ២០២៤ ដើម្បីផ្តល់ឧបត្ថម្ភធនដល់ប្រជាជនចំនួន ១៤.៥លាននាក់នៅក្នុងខែកញ្ញាជាមួយនឹងការផ្តល់បន្ថែមដែលចាប់ផ្តើមពីខែតុលា។

បើតាមអតីតនាយករដ្ឋមន្រ្តីរូបនេះ វា​នឹង​ជួយជំរុញ​សេដ្ឋកិច្ច​របស់ថៃភ្លាមៗ​ នៅ​ក្នុងខែ​កញ្ញា​ ខណៈដែលសេដ្ឋកិច្ចថៃបានកើនឡើង ២.៣% នៅក្នុងត្រីមាសទី២ ពោលចាប់ពីខែមេសា ដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់អំពីបញ្ហាបន្ទាន់ក្នុងការដោះស្រាយបំណុលគ្រួសារកំពុងកើនឡើងដែលមានចំនួន ១៦.៤ ពាន់ពាន់លានបាត ឬស្មើនឹង ៩០.៨% នៃផលិតផលក្នុងស្រុកសរុប GDP នៅចុងខែមីនា ក្នុងចំណោមប្រទេសនៅអាស៊ី។ លោកបាននិយាយថា “យើងត្រូវរៀបចំរចនាសម្ព័ន្ធបំណុលគ្រួសារឡើងវិញ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងត្រូវពិភាក្សាជាមួយធនាគារទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ” ។

បន្ថែមទៀតនោះលោក ថាក់ស៊ីន ថា ប្រទេសថៃចាំបាច់ត្រូវធ្វើកំណែទម្រង់វិស័យកសិកម្មរបស់ខ្លួនឱ្យកាន់តែមានភាពប្រកួតប្រជែង និងជំរុញប្រាក់ចំណូល ព្រមទាំងសមត្ថភាពក្នុងវិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន រួមទាំងការពង្រីកអាកាសយានដ្ឋានសំខាន់នៅទីក្រុងបាងកកផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP