បារាំងជោគជ័យរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ ក្នុងខ្ទង់ចំណាយជាង ៤ពាន់លានអឺរ៉ូ

បារាំងជោគជ័យរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ ក្នុងខ្ទង់ចំណាយជាង ៤ពាន់លានអឺរ៉ូ

ការប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី​៣៣​នៅ​ទីក្រុងប៉ារីស ប្រទេស​បារាំង​ បានដល់​ទីបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី ១១​សីហា ឆ្នាំ២០២៤ ដែលរៀបចំអស់ពេលពីរសប្តាហ៍ជាមួយភាពជោគជ័យ ចំពោះ​ការ​ប្រកួត​ពេលខាងមុខ ក្នុង​រង្វង់​៤ឆ្នាំទៀត ទីក្រុង Los Angeles សហរដ្ឋអាមេរិក នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ឆ្នាំ​២០២៨​​​។

ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកលើកទី៣៣ ទីក្រុងប៉ារីសបានចំណាយថវិកាប្រហែលជិត ៤ពាន់លានអឺរ៉ូ ក្រោយទទួលបានការឈ្នះដេញថ្លៃរបស់ខ្លួនក្នុងឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានបង្កើនថវិការបស់ខ្លួនជាច្រើនពាន់លានដុល្លារ។ ការចំណាយត្រូវបានបែងចែកស្មើៗគ្នា រវាងការចំណាយប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធថ្មី។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The New York Times។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនោះ ខ្ទង់ចំណាយ​សម្រាប់អូឡាំពិក​មាន​ទំហំ ១១ពាន់លាន​អឺរ៉ូ ដែលនៅក្នុងនោះ ជាង​៤ពាន់លាន​អឺរ៉ូ​សម្រាប់​ចាយ​លើ​ការធានាសន្តិសុខ ចរាចរណ៍។  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានឲ្យដឹងថា ក្រុងប៉ារីស​លក់​សំបុត្រ​បានប្រមាណ ៩លាន ៥សែនសន្លឹក​សម្រាប់​ការប្រកួតអូឡាំពិក​២សប្តាហ៍នេះ។ 

លោក​ Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំ​កីឡាអូឡាំពិក​ប៉ារីស ២០២៤​ បានលើកឡើងថា នៅក្នុង​រយៈពេល​២សប្តាហ៍មកនេះ បារាំង​ជោគជ័យ​នៅក្នុងការរៀបចំ​ព្រឹត្តិការណ៍អូឡាំពិក ដោយ​គ្មាន​ជួប​បញ្ហា​អសន្តិសុខ ខ្វះមធ្យោបាយធ្វើដំណើរ ឬ​​បញ្ហាចរាចរណ៍កកស្ទះ ដូចដែល​គេធ្លាប់ព្រួយ​បារម្ភ ភ័យ​នៅមុន​ការចាប់បើកសម្ពោធ​អូឡាំពិក​នៅប៉ារីស។

បើតាមប្រធានគណៈរៀបចំកីឡាអូឡាំពិកប៉ារីស ២០២៥ កម្មវិធីប្រកួតកីឡាអូឡាំពិកមាន​អត្តលិកអន្តរជាតិ​ចូលរួម ជាង ១ម៉ឺន៥រយនាក់​ បានប្រព្រឹត្តទៅដោយរលូន នៅក្នុង​បរិយាកាស​រីករាយ ប្រជាប្រិយ និង​ប្តេជ្ញាចិត្ត​ខ្ពស់ ពោលគឺ​ឆ្លើយតបទៅ​នឹងការទន្ទឹងចង់បាន​របស់​គណៈកម្មការធិការរៀបចំអូឡាំពិក​ប៉ារីស។

ក្នុងពេល​រង់ចាំ​ការបូកសរុបទូទាត់​នៅ​ក្រោយ​ចប់​កម្មវិធី គេ​វាយតម្លៃ​ថា ជាមួយ​នឹង​ការចំណាយ​ដ៏ខ្ពស់ បារាំង​ពិបាក​នឹងចំណេញ ឬ​រួចខ្លួន។ ប៉ុន្តែ បារាំង​បាន​ចំណេញមុខមាត់ មានកេរ្តិ៍ឈ្មោះថា បានរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ដ៏ល្អ​ពិសេស​អស្ចារ្យ មិនធ្លាប់មាន។ សម្រាប់កម្មវិធីបិទ​នៅថ្ងៃអាទិត្យ បារាំង​គ្រោង​នឹង​ធ្វើ​ឲ្យ​កម្មវិធីបិទ​រឹតតែល្អពិសេស​ថែមទៀត ព្រោះនឹង​អាច​តារាអន្តរជាតិ​ល្បីៗ​មក​ចូលរួម៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The New York Times