ក្រោយបរាជ័យការពារលោក ដូណាល់ ត្រាំ ប្រធានទីភ្នាក់ងារសម្ងាត់អាម៉េរិកចុះចេញពីតំណែង

ក្រោយបរាជ័យការពារលោក ដូណាល់ ត្រាំ ប្រធានទីភ្នាក់ងារសម្ងាត់អាម៉េរិកចុះចេញពីតំណែង

ប្រធានទីភ្នាក់ងារសម្ងាត់អាម៉េរិក លោកស្រី Kimberly Cheatle បានលាលែងពីតំណែងក្រោយបរាជ័យការពារលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដែលត្រូវរបួសត្រចៀក ក្នុងហេតុការណ៍បាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងថ្ងៃទី១៣ ខែកក្កដា។ បើតាមសារព័ត៌មាន BBC ដកស្រង់សម្តីពីសេតវិមាន។

លោកស្រី Kimberly Cheatle ​ដែល​បាន​កាន់តំណែង​ជា​ប្រធាន​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​តាំងពី​ខែសីហា​ឆ្នាំ២០២២​មក ​បាន​រង​ការអំពាវនាវ​ឱ្យ​ចុះចេញ​ពី​តំណែង។ លោកស្រី Cheatle បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន AP ​ថា៖​ «ខ្ញុំទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​ការថ្លោះធ្លោយ​ផ្នែក​សន្តិសុខ‍។ ហើយ​លោកស្រី​បាន​ថ្លែង​ថា​ លោកស្រី​បានធ្វើការ​សម្រេច​ចិត្ត​យ៉ាងពិបាក​មួយ ​ដើម្បី​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​កងការពារ​សន្តិសុខ»។

តាមដានជាមួយយើង៖ Million Times

ការចុះចេញ​ពី​តំណែង​របស់​លោកស្រី Cheatle ​កើតឡើង​មួយថ្ងៃ​ក្រោយពី​លោកស្រី​ បាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈ​កម្មាធិការ​សភា​មួយ ​ហើយ​ត្រូវ​បាន​សមាជិក​រដ្ឋសភាគណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​រិះគន់​យ៉ាងខ្លាំង​អស់​ពេល​រាប់ម៉ោង​ ចំពោះ​បរាជ័យ​ខាងផ្នែក​សន្តិសុខ។

លោកស្រីបាន​ហៅ​ការ​ប៉ុនប៉ង​ធ្វើឃាត​លោក Trump ​ថា​ជា​ «ការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ប្រតិបត្តិការ‍» ​ក្នុង​រយៈពេល​រាប់សិប​ឆ្នាំ​ ហើយ​បាន​និយាយ​ថា ​លោកស្រី​ទទួល​ខុសត្រូវ​ទាំងស្រុង ​ចំពោះ​ការថ្លោះធ្លោយ​ផ្នែក​សន្តិសុខ​នេះ ក៏​ប៉ុន្តែ​លោកស្រី​បាន​ធ្វើ​ឱ្យ​សមាជិក​សភា​ខឹង ​ដោយ​មិនបាន​ឆ្លើយ​សំណួរ​មួយ​ចំនួន​អំពី​ការស៊ើបអង្កេត៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC