អាស៊ាន-ចិន ចែករំលែកបច្ចេកទេសបង្កាត់ពូជ ដាំដុះ និងកែច្នៃទុរេន

អាស៊ាន-ចិន ចែករំលែកបច្ចេកទេសបង្កាត់ពូជ ដាំដុះ និងកែច្នៃទុរេន

បណ្តាប្រទេសអាស៊ាន និងចិនបាននឹងកំពុងចែករំលែក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើដំណាំទុរេន ជាពិសេសលើវិស័យនវានុវត្តន៍ដូចជា បច្ចេកទេសបង្កាត់ពូជ បច្ចេកទេសដាំដុះ បច្ចេកទេសកែច្នៃ និងការធានានូវសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាពជាដើម ។

កិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាមួយរវាងសម្ព័ន្ធភាពរវាងបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម Hainan របស់ប្រទេសចិន និងសមាគមឧស្សាហកម្មទុរេននៃរដ្ឋជាសមាជិកអាស៊ាន ដែលរៀបចំឡើងក្នុងទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ។

តាមដានជាមួយយើង៖ Million Times

សម្ព័ន្ធភាពនេះមានគោលបំណងបង្កើតកាច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្របច្ចេកវិទ្យាដោយបើកចំហ រួមបញ្ចូល និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើបច្ចេកវិទ្យាដាំទុរេន បច្ចេកវិទ្យាកែលម្អពូជ បច្ចេកវិទ្យាកែច្នៃស៊ីជម្រៅ និងការច្នៃប្រឌិតខ្សែសង្វាក់ឧស្សាហកម្ម ។

អ្នកជំនាញនៅក្នុងសិក្ខាសាលានេះបាននិយាយថា សម្ព័ន្ធភាពមួយនេះនឹងជួយពួកគេបន្ថែមទៀតក្នុងការលើកកម្ពស់ឧស្សាហកម្មទុរេន ។ វាក៏នឹងដើរតួនាទីយ៉ាងសកម្មផងដែរក្នុងកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការស្រាវជ្រាវ ការច្នៃប្រឌិត ដំណើរការផលិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់ទីផ្សារអ្នកប្រើប្រាស់ជាដើម ។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២៣ ការ​នាំ​ចេញ​ទុរេន​ពី​ប្រទេស​អាស៊ាន​ដូច​ជា ​ថៃ និង​វៀតណាម​ទៅ​ប្រទេស​ចិន​មាន​ចំនួន​លើស​ពី ៤.៦ ពាន់លានដុល្លារ ។ ដោយឡែកសម្រាប់ប្រទេសម៉ាឡេស៊ី តម្លៃនៃការនាំចេញទុរេនបង្កកទៅកាន់ប្រទេសចិនមានចំនួន ៤ ពាន់លានដុល្លារ ៕

បកប្រែ ៖ ទីន