គណៈប្រតិភូក្រុមហ៊ុនធំៗពីប្រទេសអេស្ប៉ាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែតុលាខាងមុខ

គណៈប្រតិភូក្រុមហ៊ុនធំៗពីប្រទេសអេស្ប៉ាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែតុលាខាងមុខ

គណៈប្រតិភូក្រុមហ៊ុនធំៗ ពីប្រទេសអេស្ប៉ាញនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែតុលា ឆ្នាំ ២០២៤ខាងមុខ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទៅបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ កាលពីខែមិថុនាកន្លងទៅ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ បានទទួលជួបជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Felipe de la Morena ឯកអគ្គរាជទូតអេស្ប៉ាញ, លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានបេសកកម្មសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ ២០២៤កន្លងទៅ និងពិភាក្សាលើកទិសដៅបន្តចំពោះមុខ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតអេស្ប៉ាញ បានលើកឡើងអំពីដំណើទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍ខ្ពស់ចំពោះកម្ពុជា ដោយគ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នាកំឡុងខែតុលា ឆ្នាំ ២០២៤ខាងមុននេះ។

សូមជម្រាបថា គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមិថុនាកន្លងទៅនេះ បានអញ្ជើញទៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដើម្បីទាក់ទាញ និងជំរុញវិនិយោគមកកម្ពុជា។ ក្រុមហ៊ុនច្រើនជាង ៤០ ពីប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដូចជា៖ ក្រុមហ៊ុន BOSCH, ក្រុមហ៊ុន Acciona Energía, ក្រុមហ៊ុន INSUD PHARMA, ក្រុមហ៊ុន Memmert, ក្រុមហ៊ុន UVEX, ក្រុមហ៊ុន MELIA GROUP, ក្រុមហ៊ុន TALGO និងក្រុមហ៊ុនធំៗជាច្រើនទៀត ត្រូវបានជួបពិភាក្សាការងារដោយគណៈប្រតិភូកម្ពុជា ទាំងក្នុងទម្រង់វិស័យឯកជនទៅវិស័យឯកជន(B2B) និងវិស័យឯកជនទៅវិស័យរដ្ឋ(B2G)។

ក្រៅអំពីដំណើរទស្សនកិច្ចរបស់វិស័យឯកជនមកកម្ពុជា និងលទ្ធផលដ៏ល្អប្រសើរនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានគម្រោង នឹងបំពេញបេសកកម្មជាថ្មីម្ដងទៀត ទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី នៅមុនបំណាច់ឆ្នាំ ២០២៤នេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា