ឥណ្ឌូណេស៊ីរួចខ្លួនពីបំណុលអាមេរិកចំនួន ៣៥ លានដុល្លារ តែត្រូវមានការដោះដូរ

ឥណ្ឌូណេស៊ីរួចខ្លួនពីបំណុលអាមេរិកចំនួន ៣៥ លានដុល្លារ តែត្រូវមានការដោះដូរ

សហរដ្ឋអាមេរិកបានព្រមព្រៀងលើកលែងបំណុលចំនួន ៣៥ លានដុល្លាររបស់ឥណ្ឌូណេស៊ីក្នុងរយៈពេល ៩ ឆ្នាំខាងមុខ ប៉ុន្តែប្រទេសអាស៊ានមួយនេះត្រូវតែស្ដារ និងថែរក្សាថ្មប៉ប្រះទឹក ឬផ្កាថ្មជាថ្នូរនឹងការលុបបំណុល ។

ក្នុងចំណោមការលើកលែងបំណុលរបស់អាមេរិកទៅលើឥណ្ឌូណេស៊ីចំនួន ៣៥ លានដុល្លារនេះ មាន ២៦ លានដុល្លារជាការលុបបំណុលលើច្បាប់អភិរក្សព្រៃឈើត្រូពិច និងផ្កាថ្ម ខណៈបំណុលដែលនៅសេសសល់ទាំងប៉ុន្មានត្រូវអង្គការអភិរក្សរបស់អាមេរិកមួយចំនួនទៀតដូចជា អង្គការ The Nature Conservancy ចូលរួមផ្តល់ជាវិភាគទាន ។

នេះគឺជាការលុបបំណុលលើកទី ៤ ហើយដែលក្រសួងហិរញ្ញវត្ថុអាមេរិកធ្វើឡើងចំពោះប្រទេសឥណ្ឌូណេស៊ី ខណៈលើកដំបូងបំផុតគឺនៅក្នុងឆ្នាំ ២០០៩ បន្ទាប់មកនៅឆ្នាំ ២០១១ និងចុងក្រោយក្នុងឆ្នាំ ២០១៤ ដែលមានចំនួនសរុបជិត ៧០ លានដុល្លារ ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនោះ នេះក៏ជាលើកដំបូងផងដែរដែលអាមេរិកលុបបំណុលទៅលើឥណ្ឌូណេស៊ីពាក់ព័ន្ធនឹងការអភិរក្សលើថ្មប៉ប្រះទឹក ឬផ្កាថ្ម ។ បច្ចុប្បន្នឥណ្ឌូណេស៊ីមានថ្មប៉ប្រះទឹក ឬផ្កាថ្មប្រហែល ៥.១ លានហិកតា ស្មើនឹង ១៨ ភាគរយនៃចំនួនផ្កាថ្មសរុបរបស់ពិភពលោក ។

យោងតាមទិន្នន័យនៅក្នុងខែឧសភាបានឲ្យដឹងថា ជិត ២ ភាគ ៣ នៃថ្មប៉ប្រះទឹកនៅទូទាំងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែងយ៉ាងចាស់ដៃ ដោយសារតែការប្រែប្រួលអាកាសធាតុនាំឲ្យទឹកសមុទ្រឡើងកម្ដៅ ៕

បកប្រែ ៖ ទីន