នាយករដ្ឋមន្ត្រីឥណ្ឌាទៅជួបលោក ពូទីន ដល់រុស្ស៊ី ខណៈអាមេរិកតាមដានមិនដាក់ភ្នែក

នាយករដ្ឋមន្ត្រីឥណ្ឌាទៅជួបលោក ពូទីន ដល់រុស្ស៊ី ខណៈអាមេរិកតាមដានមិនដាក់ភ្នែក

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអញ្ជើញជួបពិភាក្សាជាមួយលោក Vladimir Putin ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅប្រទេសរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយមិត្តភ័ក្រ្តបរទេសដ៏យូរអង្វែងមួយនេះ ខណៈក៏មានការតាមដានមិនដាក់ភ្នែកផងដែរពីសំណាក់បងធំអាមេរិក ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក Modi ​ចាប់​តាំង​ពី​ទាហាន​រុស្ស៊ី​ចូលលុកលុយ​អ៊ុយក្រែន ខណៈឥណ្ឌា​ប្តេជ្ញា​ជារឿយៗក្នុងការរក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ទោះបី​មាន​សម្ពាធ​ពី​ប្រទេស​លោកខាងលិច និង​សម្ព័ន្ធមិត្ត​ក៏ដោយ ។

មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ច ថាមពល និងសន្តិសុខ ក៏ដូចជាដំណោះស្រាយលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីតោនជំរុញឲ្យលោកនាយករដ្ឋមន្ត្រីឥណ្ឌាព្យាយាមប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅកាន់លោក Putin ។

តាមដានជាមួយយើង៖ Million Times

ទោះយ៉ាងណា គោលបំណងនេះហាក់នៅឆ្ងាយពីចិត្តគំនិតរបស់លោក Modi ដែលភាគច្រើនលោកផ្ដោតសំខាន់លើសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើងដល់ប្រមាណ ៦៥ ពាន់លានដុល្លារ ។

ភាគច្រើននៃកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មកើតចេញពីការលក់ប្រេងរបស់រុស្ស៊ី បើទោះបីជាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ ។ មន្ត្រីឥណ្ឌានិយាយថា លោក Modi ចង់កែកុនអតុល្យភាពនាពេលកន្លងមក ហើយបង្កើនការនាំចេញពាណិជ្ជកម្មជាមួយរុស្ស៊ី ។

សូមជម្រាបថា ក្រៅពីការលក់ប្រេង រុស្ស៊ីក៏ជាប្រទេសផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតរបស់ឥណ្ឌាផងដែរ ជាមួយនឹងទំនាក់ទំនងដ៏រឹងមាំ មានតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះនៅអ៊ុយក្រែនបានធ្វើឱ្យទំនាក់ទំនងកាន់តែស្មុគស្មាញ និងបានរុញច្រានរុស្ស៊ីឱ្យកាន់តែខិតទៅជិតគូប្រជែងរបស់ឥណ្ឌាគឺចិន ៕

បកប្រែ ៖ ទីន