ប៉ូលិសវៀតណាមរកឃើញតម្រុយលាងលុយកខ្វក់របស់អតីតសេដ្ឋិនីអចលនទ្រព្យដែលជាប់ទោសប្រហារជីវិត

ប៉ូលិសវៀតណាមរកឃើញតម្រុយលាងលុយកខ្វក់របស់អតីតសេដ្ឋិនីអចលនទ្រព្យដែលជាប់ទោសប្រហារជីវិត

យោងតាមប៉ូលិសវៀតណាមបានឱ្យដឹងថា អតីតសេដ្ឋិនីអចលនទ្រព្យលោកស្រី Troung My Lan ដែលជាប់ទោសទណ្ឌប្រហារជីវិត បានលាងលុយកខ្វក់ចំនួន ៤៤៦ ពាន់ពាន់លានដុង (១៧.៥ ពាន់លានដុល្លារ) ដោយលួចផ្ទេរប្រាក់ទាំងនោះទៅឱ្យក្រុមហ៊ុនមេៗជាច្រើន ។

ក្រសួងសន្តិសុខសាធារណៈក៏បានបញ្ជាក់ប្រាក់ផងដែរថា ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ អតីតសេដ្ឋិនីវៀតណាមរូបនេះបានក្លែងបន្លំប្រាក់ចំនួន ៤១៦ ពាន់ពាន់លានដុងពីធនាគារ Saigon Commercial Bank (SCB) ដោយយកឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat ជាអ្នកធានាអះអាងយកប្រាក់កម្ចី ខណៈ ៣០ លានលានដុងទៀតធ្វើឡើងតាមរយៈមូលបត្រធានារ៉ាប់រង ហើយបានប្រើវិធីផ្សេងៗដើម្បីលាងលុយកខ្វក់នេះ ។

ទន្ទឹមនោះ ប្រាក់ដែលលោកស្រី Troung My Lan ទទួលបានពីធនាគារ SCB ត្រូវបានផ្ទេរទៅឱ្យបុគ្គលចំនួន ៤៨៣ នាក់ និងស្ថាប័នចំនួន ៤៥០ ផ្សេងទៀត ហើយអ្នកទាំងនោះជាញឹកញាប់គឺទទួលបានលុយទាំងនេះជាប្រាក់កម្ចី ប៉ុន្តែមិនតម្រូវឱ្យកូនបំណុលសងមកវិញនោះទេ ។

តាមដានជាមួយយើង៖ Million Times

លោកស្រី Troung My Lan បានប្រើប្រាស់លុយនេះដើម្បីសងប្រាក់កម្ចីពីមុនដែលក្រុមហ៊ុន Van Thinh Phat ទទួលបានពីធនាគារ SCB ឬពីក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន ជាពិសេសយកលុយទាំងនេះទិញប្រាក់ដុល្លារអាមេរិក និងរក្សាទុកជាប្រាក់បម្រុង ហើយអតីតសេដ្ឋិនីរូបនេះក៏បានផ្ទេរប្រាក់ចំនួន ៣២ ពាន់ពាន់លានដុងទៅក្រៅប្រទេសផងដែរ ។

ចំណែកលោក Eric Chu ដែលជាស្វាមីរបស់លោកស្រី Troung My Lan ក៏ជាអ្នកសមគំនិតក្នុងរឿងនេះផងដែរ ។ ចន្លោះឆ្នាំ ២០១៨ និង ២០២២ អតីតសេដ្ឋិនីរូបនេះបានបញ្ជាឱ្យបុគ្គលិករបស់លោកស្រីបង់ប្រាក់ចំនួន ២២៥ ពាន់លានដុងទៅកាតឥណទានរបស់លោក Chu នៅក្នុងធនាគារ SCB ។

លោក Chu បានប្រើប្រាក់ចំនួន ៣៣ ពាន់លានដុងដើម្បីចំណាយលើគ្រឿងអលង្ការ រួមជាមួយសេវាកម្មផ្សេងសម្រាប់ខ្លួនគាត់ និងភរិយានៅក្នុងប្រទេសវៀតណាម ហុងកុង ចិន បារាំង ចក្រភពអង់គ្លេស និងអ៊ីតាលី ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន ប៉ូលិសវៀតណាមក៏បានណែនាំឱ្យតុលាការចោទប្រកាន់បន្ថែមលើអតីតសេដ្ឋិនីអចលនទ្រព្យ Truong My Lan និងគ្នីគ្នាចំនួន ៣៣ ផ្សេងទៀតពីបទលាងលុយកខ្វក់ ក្លែងបន្លំទ្រព្យសម្បតិ្ត និងការជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ ខណៈលោកស្រីរងការកាត់ទោសប្រហារប្រហារជីវិតរួចទៅហើយក្នុងបទចោទប្រកាន់ធ្វើឱ្យធនាគារ SCB ខាតបង់ទឹកប្រាក់ចំនួន ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) ខណៈលោកស្រីក៏បានប្ដឹងឧទ្ធរណ៍វិញផងដែរ ៕

បកប្រែ ៖ ទីន