ត្រឹមមួយខែមេសា វៀតណាមកើបលុយបាន ២០៤ លានដុល្លារពីការនាំចេញទុរេនទៅចិន

ត្រឹមមួយខែមេសា វៀតណាមកើបលុយបាន ២០៤ លានដុល្លារពីការនាំចេញទុរេនទៅចិន

គ្រាន់តែក្នុងមួយខែមេសា វៀតណាមកើបលុយបានប្រមាណ ២០៤ លានដុល្លារពីការនាំចេញទុរេនទៅកាន់ប្រទេសចិន ខណៈទំហំទឹកប្រាក់នេះកើនឡើងរហូតដល់ ៦.៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ ។

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានឱ្យដឹងថា ចំណែកក្នុងរយៈពេល ៤ ខែដំបូងនេះ ប្រទេសចិនបានទិញទុរេនវៀតណាមសរុបតម្លៃ ៤៣២ លានដុល្លារ កើនឡើង ១៦៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ស្របពេលដែល ៩២ ភាគរយនៃទីផ្សារទុរេនវៀតណាមគឺនាំទៅកាន់ចិន ។

ចំណែកទាក់ទិននឹងតម្លៃនៃការដឹកជញ្ជូនទៅកាន់ប្រទេសចិនវិញ គឺបច្ចុប្បន្នមានតម្លៃទាប ដោយសារតែមិនសូវមានទីផ្សារប្រកួតប្រជែងដូចមុន ជាពិសេសក្រុមហ៊ុននាំចេញរបស់ថៃ បន្ទាប់ពីកសិករប្រទេសមួយនេះដាំទុរេនមិនសូវបានផលនោះទេ ព្រោះជួបគ្រោះរាំងស្ងួត និងរលកកម្ដៅ ។

ក្រុមហ៊ុននាំចេញទុរេនរបស់ថៃបានត្អូញត្អែរថា សីតុណ្ហភាពខ្ពស់ក្នុងខែមេសា និងខែឧសភា បណ្តាលឱ្យសំបករបស់ទុរេនប្រេះ ហើយកសិករត្រូវបង្ខំចិត្តដាក់លក់ផ្លែឈើទាំងនេះទាំងឆិនឆៃ និងក្រោមតម្លៃទីផ្សារ ។

លោក Aat Pisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សានៃក្រុមហ៊ុន Intelligent Research Consultancy បាននិយាយថា គ្រោះរាំងស្ងួតដែលកំពុងបន្តអាចកាត់បន្ថយការដាំដុះទុរេនរបស់ប្រទេសថៃនៅឆ្នាំនេះរហូតដល់ ៤២ ភាគរយ ឬប្រហែល ៥៤០,០០០ តោនឯណោះ ។

សូមជម្រាបថា កាលពីឆ្នាំ ២០២៣ កន្លងទៅ ប្រទេសចិនបានចាយលុយទិញទុរេនវៀតណាមក្នុងទំហំទឹកប្រាក់ ២.១ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០២៤ នេះវិញ វៀតណាមរំពឹងនឹងទទួលចំណូលបានរហូតដល់ ៣ ពាន់លានដុល្លារពីការនាំចេញទុរេនទៅកាន់ចិន ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន