មកស្គាល់មហាសេដ្ឋីប្រដាល់សកល ៤ រូបនៅលើពិភពលោក

មកស្គាល់មហាសេដ្ឋីប្រដាល់សកល ៤ រូបនៅលើពិភពលោក

ត្បិតថាប្រដាល់ជាប្រភេទកីឡាដែលឈឺសាច់ក៏ពិតមែន ប៉ុន្តែក្នុងមួយប្រកួតៗអ្នកប្រដាល់អាជីពៗជាច្រើនក៏រកចំណូលបានតិចនោះដែរ ពោលអាចខ្ទង់រាប់ម៉ឺនរាប់លានដុល្លារឯណោះក៏ថាបាន ។

ថ្ងៃនេះ Million Times សូមលើកយកអ្នកប្រដាល់សកលដែលមានជាងគេចំនួន ៤ រូបនៅលើពិភពលោក៖

១. Floyd Mayweather

តាមដានជាមួយយើង៖ Million Times

Floyd Mayweather គឺជាស្ដេច​ប្រដាល់​ដែល​មានជាងគេ​បំផុត​ក្នុង​លោកជាមួយនឹង​ទ្រព្យ​សម្បត្តិសរុប​ចំនួន ៤០០ លាន​ដុល្លារ ។ ប្រកបអាជីពក្នុងរយៈពេល ២១ ឆ្នាំកន្លងមកនេះ ពោលចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៧ Floyd Mayweather បានឈ្នះជើងឯកលំដាប់ពិភពលោកចំនួន ១៥ ស្ថាប័នរាប់ចាប់ពីប្រភេទទម្ងន់ស្រាលដល់កម្រិតមធ្យម ខណៈបច្ចុប្បន្នអ្នកប្រដាប់កណ្ដាប់ដៃដែករូបនេះបានប្រកាសចូលនិវត្តន៍ទៅហើយ ។

២. George Foreman

អ្នកប្រដាល់អាមេរិកម្នាក់ទៀតគឺ George Foreman ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទ្រព្យសម្បត្តិ ៣០០ លានដុល្លារ ។ George Foreman គឺជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក ២ សម័យកាល ម្ចាស់មេដាយមាសអូឡាំពិក និងជាមហាសេដ្ឋីមួយរូបផងដែរ ។

មែនទែនទៅ George Foreman កើបចំណូលបានពីកីឡាប្រដាល់នេះតិចតួចប៉ុណ្ណោះ ប៉ុន្តែលំហូរលុយកាក់របស់អតីតអ្នកប្រដាល់រូបនេះភាគច្រើនបានមកពីការលក់ផលិតផល George Foreman Grill រកបានជាង ១០០ លានគ្រឿងនៅទូទាំងពិភពលោក ។

៣. Saul Alvarez

អ្នក​ប្រដាល់​ទម្ងន់​មធ្យមសញ្ជាតិ​ម៉ិកស៊ិក Saul Alvarez បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ជាមួយ​នឹង​ទ្រព្យសម្បត្តិ ២៥០ លាន​ដុល្លារ ។ Saul Alvarez បានចាប់ផ្តើមអាជីពជាអ្នកប្រដាល់នៅអាយុ ១៥ ឆ្នាំ ។ ស្នាដៃសំខាន់ៗរបស់កីឡាកររូបនេះរួមមានការឈ្នះខ្សែក្រវាត់ World Boxing Council, ខ្សែក្រវាត់ World Boxing Association និងខ្សែក្រវាត់ទម្ងន់មធ្យមរបស់ទស្សនាវដ្តី Ring ។

ទន្ទឹមនោះ Saul Alvarez ក៏ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនៅម៉ិកស៊ិកដែលមានឈ្មោះថា Canelo Energy ហើយអ្នកប្រដាល់សាច់ ស រូបក៏វិនិយោគលើហាងលក់អាហារកំប៉ុង សម្លៀកបំពាក់ និង App ហាត់ប្រាណផងដែរ ។

៤. Manny Pacquiao

ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao គឺជាអត្តពលិកអាស៊ីតែម្នាក់គត់ជាប់ក្នុងបញ្ជីអ្នកប្រដាល់មានជាងគេបំផុត ជាមួយទំហំទ្រព្យសម្បត្តិសរុប ២២០ លានដុល្លារ ។ Pacquiao គឺជាអ្នកប្រដាល់អាជីពតែម្នាក់គត់ដែលជាប់ឈ្មោះជាជើងឯកពិភពលោកចំនួនប្រាំបី និងបានឈ្នះជើងឯកក្នុង ៥ ប្រភេទទម្ងន់ផ្សេងគ្នាផងដែរ ។

ក្នុងនោះ Pacquiao ក៏​មានចាប់អារម្មណ៍ប្រឡូក​ក្នុង​រឿង​នយោបាយផងដែរ ហើយ​បាន​ធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា​ក្នុង​ប្រទេស​ហ្វីលីពីន​ជាច្រើន​ឆ្នាំ​ដូចគ្នា ។ ការ​ប្រកួត​ដ៏​ធំ​បំផុត និង​រកលុយបានច្រើនបំផុតក្នុង​អាជីព​របស់ Pacquiao គឺនៅខែ​ឧសភា ឆ្នាំ ២០១៥ ក្នុងការប្រកួតទល់​នឹង​អ្នកប្រដាល់ Floyd Mayweather ខណៈកាលណោះ Pacquiao រកបាន ១៣០ លានដុល្លារពីការប្រយុទ្ធមួយនេះ ៕

បកប្រែ ៖ ទីន