ជប៉ុន និងអាស៊ានគ្រោងបង្កើតយុទ្ធសាស្ត្ររួមគ្នាផលិត និងលក់រថយន្តក្នុងតំបន់

ជប៉ុន និងអាស៊ានគ្រោងបង្កើតយុទ្ធសាស្ត្ររួមគ្នាផលិត និងលក់រថយន្តក្នុងតំបន់

កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងបង្កើតយុទ្ធសាស្រ្តរួមគ្នាលើកដំបូងលើការផលិត និងការលក់រថយន្តនៅក្នុងប្លុកអាស៊ីអាគ្នេយ៍ ដើម្បីប្រកួតប្រជែងនឹងការកើនឡើងនៃវត្តមានរបស់ប្រទេសចិននៅក្នុងទីផ្សាររថយន្តអគ្គិសនី ។

កាសែត Nikkei បានរាយការណ៍ទៀតថា គោលបំណងនេះគឺដើម្បីរៀបចំយុទ្ធសាស្រ្តរួមបណ្តោះអាសន្នមួយ ហើយអាចនឹងលេចរូបរាងឡើងនៅឆ្នាំ ២០៣៥ នៅពេលដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងសមាជិកអាស៊ានជួបប្រជុំគ្នានៅដើមខែកញ្ញាខាងមុខនេះ ។

យុទ្ធសាស្រ្តរួមនេះ ត្រូវបានគេរំពឹងថានឹងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ក៏ដូចជាបំពាក់បំប៉នបុគ្គលិក ការលុបបំបាត់កាបូននៅក្នុងផលិតកម្ម លទ្ធកម្មធនធានរ៉ែ និងការវិនិយោគលើវិស័យផ្សេងៗដូចជា ជីវឥន្ធនៈជាដើម ។

របាយការណ៍បាននិយាយថា ប្រទេសជប៉ុនមានបំណងដាក់កញ្ចប់ទឹកប្រាក់ចំនួន ១៤០ ពាន់លានយ៉េន (៨៩៩.៥១ លានដុល្លារ) ដែលក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុនបានធានានៅក្នុងថវិកាសម្រាប់ជំនួយដល់អង្គការ Global South សម្រាប់ការបណ្តុះបណ្តាល និងបំពាក់បំប៉នបុគ្គលិកនៅតំបន់អាស៊ាន ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុនបានសន្យាថានឹងបង្កើនការវិនិយោគផ្នែកអគ្គិសនី និងសូហ្វវែររបស់ខ្លួនទ្វេដងដល់ប្រហែល ៦៥ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣០ បន្ទាប់ពីប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីលំហូរនៃក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងក្រុមហ៊ុន BYD ជាដើម ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន