ជំនួបលោក ពូទីន និងលោក ស៊ី ជីនពីង នឹងផ្ដោតលើបញ្ហាអន្តរជាតិ ពិសេសវិបត្តិនៅអ៊ុយក្រែន

ជំនួបលោក ពូទីន និងលោក ស៊ី ជីនពីង នឹងផ្ដោតលើបញ្ហាអន្តរជាតិ ពិសេសវិបត្តិនៅអ៊ុយក្រែន

យោងតាមក្រសួងការបរទេសចិន និងការិយាល័យប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ដូចៗគ្នាថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនដើម្បីជួបជាមួយសមភាគីលោក ស៊ី ជីនពីង នាថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភានេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា មេដឹកនាំរុស្ស៊ី និងចិននឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ស្របពេលដែលប្រទេសទាំងពីរក៏នឹងប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតផងដែរ ខណៈការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន និងលោក ស៊ី នឹងកំណត់យកតំបន់សំខាន់ៗសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ ជាពិសេសតំបន់ដែលមានភាពតានតឹងបំផុត ដូចជាវិបត្តិនៅអ៊ុយក្រែនជាដើម ។

ចំណែកអ្នកតាមដានស្ថានការណ៍ពិភពលោកបានចាត់ទុកដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងអាណត្តិថ្មីរបស់លោក ពូទីន នាពេលនេះហាក់ដូចជាមានបំណងពង្រឹងទំនាក់ទំនងរុស្ស៊ី-ចិន ចំពេលមានជម្លោះកាន់តែធ្ងន់ធ្ងរទៅជាមួយបណ្តាប្រទេសលោកខាងលិចជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ជាក់ស្តែង ប្រទេសចិនក៏ព្យាយាមបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិកផងដែរ ។ ប្រទេសចិនបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈ​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​គាំទ្រ​របស់ចិនទៅលើ​ឧស្សាហកម្ម​អាវុធ​របស់​រុស្ស៊ី ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសចិននាពេលនេះ​នឹងក្លាយ​ជា​ដំណើរ​ហោះទៅ​បរទេសជា​លើក​ដំបូង ​ចាប់​តាំង​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជាប្រធានាធិបតីរុស្ស៊ី​អាណត្តិ​ទី ៥ ​របស់​លោក ហើយក្នុងរយៈពេលនោះលោក ពូទីន នឹងជួបលោក ស៊ី ក្នុងទីក្រុងប៉េកាំង ហើយនឹងធ្វើទស្សនកិច្ចនៅភាគឦសាននៃទីក្រុងហាប៊ីន ដែលត្រូវបានគេស្គាល់ថាជា “តំបន់មូស្គូបូព៌ា” ក្នុងខេត្តហីឡុងជាំង ៕

តាមដានជាមួយយើង៖ Million Times
លោក ស៊ី ជីនពីង (ឆ្វេង) ចាប់ដៃជាមួយលោក ពូទីន (ស្ដាំ)

បកប្រែ ៖ ទីន