ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនត្រៀមបើកដំណើរការឆ្នាំ ២០៣០

ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនត្រៀមបើកដំណើរការឆ្នាំ ២០៣០

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្រ្ដីថៃលោក Suriya Juangroongruangkit បាននិយាយ ក្រោយកិច្ចពិភាក្សាអំពីវឌ្ឍនភាពជាមួយអាជ្ញាធរចិនថា ផ្លូវរថភ្លើងល្បឿនលឿន ថៃ-ចិន ពីទីក្រុងបាងកកទៅកាន់ខេត្ត Nong Khai កំពុងស្ថិតនៅលើផ្លូវត្រៀមបើកឱ្យប្រើប្រាស់ជាសាធារណៈនៅឆ្នាំ ២០៣០ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំបូងឡើយគម្រោងនេះត្រៀមនឹងបើកដំណើរការនៅឆ្នាំ ២០២៨ ប៉ុណ្ណោះ ប៉ុន្តែគម្រោងដ៏ធំដែលប៉ាន់ស្មានថា មានតម្លៃ ៣៤១ ពាន់លានបាតមួយនេះត្រូវបានញាំញី និងត្រូវបានពន្យារពេល ដោយសារតែជម្លោះហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ។

លោក Suriya បាននិយាយថា គណៈកម្មាធិការបានទទួលស្គាល់ពីវឌ្ឍនភាពនៃការសាងសង់ក្រោមការទទួលខុសត្រូវរបស់ប្រទេសថៃក្នុងដំណាក់កាលទី ១ ដោយគ្របដណ្តប់លើខ្សែរថភ្លើងពីបាងកកទៅ Nakhon Ratchasima ហើយជំហ៊ានដំបូងនេះរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៨ ។

លោក​បាន​បន្ត​ថា ដំណាក់​កាល​ទី ២ ពី​ Nakhon Ratchasima ទៅ​ខេត្ត Nong Khai បាន​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថានរួចរាល់ហើយ ហើយ​ការ​សាង​សង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ ។ គម្រោងនេះនឹងតភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ហើយនឹងបើកដំណើរការនៅឆ្នាំ ២០៣០ ខណៈស្ពានរថភ្លើងល្បឿនលឿនមេគង្គថ្មី ដើម្បីភ្ជាប់ទីក្រុង Nong Khai និងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ នឹងត្រូវសាងសង់ដោយប្រើថវិកាសារពើពន្ធឆ្នាំ ២០២៤ របស់រដ្ឋបាលផ្លូវដែកនៃប្រទេសថៃ ។

សូមជម្រាបជូនថា ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនមានប្រវែង ៨៧៣ គីឡូម៉ែត្រ ហើយនឹងតភ្ជាប់ប្រទេសចិន និងថៃដោយឆ្លងកាត់ប្រទេសឡាវ ហើយគម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសកល (BRI) របស់ប្រទេសចិន ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន