លោក Macron ព្យាយាមលន់តួប្រធានាធិបតីចិន ឲ្យមានការអនុគ្រោះពាណិជ្ជកម្មដល់បារាំង

លោក Macron ព្យាយាមលន់តួប្រធានាធិបតីចិន ឲ្យមានការអនុគ្រោះពាណិជ្ជកម្មដល់បារាំង

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្យាយាមលន់តួលោកប្រធានាធិបតីចិន Xi Jinping ឲ្យមានការអនុគ្រោះពាណិជ្ជកម្ម ឬគោលនយោបាយការបរទេសជាមួយបារាំងក្នុងជំនួបចុងក្រោយនៅឯតំបន់ភ្នំ Pyrenees កាលពីថ្ងៃអង្គារ ទី៧ ខែឧសភាកន្លងទៅ ។

ក្នុងការជជែកតទល់គ្នាតែ ២ នាក់ដោយគ្មានជំនួយការនៅក្បែរខ្លួន លោក Macron បានព្យាយាមបញ្ចុះបញ្ចូលលោក Xi ឲ្យកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងតំបន់ទាំងពីរ ក៏ដូចជាផ្ដល់លទ្ធភាពកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនអឺរ៉ុបដែលកំពុងឈរជើងនៅក្នុងប្រទេសចិន និងឧបត្ថម្ភធនតិចជាងមុនសម្រាប់ក្រុមហ៊ុននាំចេញរបស់ចិន ។

ក្រៅពីជំនួបជាផ្លូវការហើយ ជារឿយៗលោក Macron ក៏តែងតែព្យាយាមបង្កើតភាពស្និតស្នាលផ្ទាល់ខ្លួនជាមួយសមភាគីរបស់លោកផងដែរ បើទោះបីជាការបញ្ចុះបញ្ចូលនោះជោគជ័យ ឬបរាជ័យក៏ដោយ ខណៈក្នុងឱកាសទទួលទានសាច់ចៀម ឈីស និងនំប៊្លូបឺរី នៅក្នុងភោជនីយដ្ឋានបែបប្រពៃណីមួយកន្លែង លោកប្រធានាធិបតីរូបនេះព្យាយាមប្រាប់លោក Xi អំពីការអនុគ្រោះពាណិជ្ជកម្មមកលើប្រទេសបារាំង និងអឺរ៉ុប ។

ក្រុមហ៊ុនបារាំង និងចិនបានសម្រេចកិច្ចព្រមព្រៀងមួយចំនួនកាលពីថ្ងៃចន្ទកន្លងទៅ ពោលនៅក្រៅជំនួបលោក Macron និងលោក Xi ក្នុងនោះរាប់ចាប់ពីវិស័យថាមពល ហិរញ្ញវត្ថុ និងការដឹកជញ្ជូន ប៉ុន្តែភាគច្រើនជាកិច្ចព្រមព្រៀងសហប្រតិបត្តិការ ។

បើយោងតាមទិន្នន័យរបស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (EU) មានឱនភាពពាណិជ្ជកម្មចំនួន ៣៩៦ ពាន់លានអឺរ៉ូ (៤២៦.២៥ ពាន់លានដុល្លារ) ជាមួយប្រទេសចិនក្នុងឆ្នាំ ២០២២ បើធៀបនឹងឱនភាពចំនួន ២៥០.៣ ពាន់លានកាលពីឆ្នាំមុន ។

សូមជម្រាបជូនថា លោក Xi Jinping បានអញ្ជើញចាកចេញពីប្រទេសបារាំងហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃក្នុងដំណើរជើងដំបូងមកកាន់បណ្ដាប្រទេសអឺរ៉ុប ហើយប្រធានាធិបតីចិនរូបនេះនឹងបន្តហោះហើរទៅកាន់ប្រទេស ២ ផ្សេងទៀតដូចជា ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី៧ ខែឧសភាតទៅ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន