មេដឹកនាំចិន និងបារាំងអំពាវនាវធ្វើយ៉ាងណាកុំឱ្យផ្ទុះ “សង្គ្រាមត្រជាក់ថ្មី”

មេដឹកនាំចិន និងបារាំងអំពាវនាវធ្វើយ៉ាងណាកុំឱ្យផ្ទុះ “សង្គ្រាមត្រជាក់ថ្មី”

ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់សមភាគីបារាំងលោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំកាលពីថ្ងៃចន្ទថា ប្រទេសចិន និងបារាំងគួរតែព្រួតដៃធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាទប់ស្កាត់ “សង្គ្រាមត្រជាក់ថ្មី” ឱ្យខានតែបាន ។

លោក Xi បានប្រាប់លោក Macron ទៀតថា ប្រទេសទាំងពីរគួរតែព្យាយាមរក្សាឯករាជ្យភាព និងលើកកម្ពស់ពហុប៉ូលនីយកម្មប្រកបដោយសមធម៌ និងសណ្តាប់ធ្នាប់នៃពិភពលោក ហើយចិនបាននិងកំពុងដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសុខសន្តិភាពដល់អ៊ុយក្រែន ជាជាងអ្នកធ្វើជាអ្នកសង្កេតការណ៍ ខណៈប្រធានាធិបតីបារាំងវិញក៏បានលើកឡើងផងដែរថា បណ្តាប្រទេសនានានឹងអាចដើរតួនាទីដ៏មានប្រយោជន៍ក្នុងការធានាស្ថិរភាពពិភពលោក ។

កិច្ចប្រជុំនេះកើតឡើង ចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងរងការរិះគន់ចំពោះការឧបត្ថម្ភធនរបស់ខ្លួនលើវិស័យមួយចំនួនដែលអ្នកជំនាញនិយាយថាកំពុងនាំឱ្យមានអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត ស្របពេលដែលលោក Macron ក៏បានសង្កត់ធ្ងន់លើតម្រូវការក្របខ័ណ្ឌនៃការប្រកួតប្រជែងដោយយុត្តិធម៌ផងដែរ ។

មេដឹកនាំទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែនផងដែរ ក្នុងនោះលោក Macron បាននិយាយថា ប្រទេសបារាំងអរគុណប្រទេសចិនដែលមិនប៉ុនប៉ងលក់អាវុធណាមួយទៅឱ្យរុស្ស៊ី ជាពិសេសការប្តេជ្ញាចិត្តរបស់ចិនក្នុងការរឹតបន្តឹង ក៏ដូចជាការត្រួតពិនិត្យលើការនាំចេញទំនិញដែលអាចជាប់ពាក់ព័ន្ធនឹងវិស័យយោធា ។

បន្ថែមពីនេះ លោក Xi និងលោក Macron ក៏បានឯកភាពគ្នាក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងពិភពលោកផងដែរ ពិសេសក្នុងអំឡុងពេលកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសនាពេលខាងមុខនេះ ហើយការអំពាវនាវរបស់ប្រមុខដឹងកនាំទាំងពីរធ្វើឡើង ចំពេលដែលស្ថានការណ៍នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ ។

សូមជម្រាបជូនថា ដំណើរ​ទស្សនកិច្ច​នេះ​ទំនង​ជា​ការប៉ុនប៉ង​របស់ទី​ក្រុង​ប៉េកាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បារាំង ​ចំពេល​មាន​ការ​ប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក ខណៈដំណើរទស្សនកិច្ចនេះផងដែរក៏កើតមានឡើង​ស្រប​ពេល​ខួប​លើក​ទី ៦០ នៃ​ចំណង​ការទូត​រវាង​ចិន និង​បារាំង ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន