តុលាការនឹងពិនិត្យឡើងវិញលើសំណុំរឿងសេដ្ឋីអចលនទ្រព្យវៀតណាមដែលឆបោកអ្នកទិញមូលបត្របំណុលតម្លៃ ៣៤៩លានដុល្លារ

តុលាការនឹងពិនិត្យឡើងវិញលើសំណុំរឿងសេដ្ឋីអចលនទ្រព្យវៀតណាមដែលឆបោកអ្នកទិញមូលបត្របំណុលតម្លៃ ៣៤៩លានដុល្លារ

បន្ទាប់ពីមានការអង្វរពីជនជាប់ចោទ តុលាការប្រជាជនហាណូយ នឹងត្រួតពិនិត្យឡើងវិញលើសុំណើររឿងសុំបន្ធូបន្ថយទោសលើសេដ្ឋីអចលនទ្រព្យចាស់វស្សាលោក ដូ អាញឌួង (Do Anh Dung) ដែលតុលាការប្រកាសសាលក្រមកាត់ទោសជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទឆបោកអ្នកទិញមូលបត្របំណុលចំនួន ៨.៦ ពាន់ពាន់លានដុង ឬស្មើនឹងប្រមាណ ៣៤៩លានដុល្លារ។

កាសែត VN Express បានផ្សាយថា មិនមែនមានតែលោក Do Anh Dung មានពិរុទ្ធចំពោះទង្វើក្លែងបន្ទំទ្រព្យសម្បត្តិនោះទេ មនុស្សពាក់ព័ន្ធ១៤នាក់ផ្សេងទៀតក្នុងនោះកូនប្រុសរបស់លោក Do Hoang Viet មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Tan Hoang Minh ក៏ត្រូវតុលាការកាត់ទោសដាក់ពន្ធនគារ ៣ឆ្នាំពីបទឧក្រិដ្ឋក្នុងរឿងឆបោកអ្នកទិញមូលបត្របំណុល។

តុលាការប្រជាជនក្រុងហាណូយកាលពីពេលថ្មីៗនេះ បានដាក់បន្ទុកទៅលើលោក Dung ថាគឺជាមេក្លោងបញ្ជាលើការចំណាយប្រាក់ផ្សេងៗចំពោះគម្រោងតាំងពីដើមរៀងមក ចំណែកកូនប្រុសរបស់លោកគឺជាអ្នកសមគំនិតដ៏សំខាន់។

តាមដានជាមួយយើង៖ Million Times

សម្រាប់សំណុំរឿងឆបោកនេះ ជនរងគ្រោះមួយចំនួនដែលបានបាត់បង់លុយក្នុងការបោកប្រាស់បានទាមទារឲ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់ឱពុកកូនម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh ទាំងពីររូប។

កាសែត VN Express រាយការណ៍ថា ចៅក្រមបានចេញសាលក្រមដោយកាត់ក្តីថា ការខាតបង់ទាំងអស់ត្រូវបានផ្តល់សំណងពេញលេញទៅឲ្យជនរងគ្រោះ បន្ទាប់ពីគ្រួសាររបស់សេដ្ឋីរូបនេះបង់ប្រាក់ចំនួន ៥.៦ ពាន់ពាន់លានដុង ហើយជនជាប់ចោទ ១៣នាក់ផ្សេងទៀតបានបង់ប្រាក់ចំនួន ៩០០ លានដុង ខណៈក្នុងអំឡុងស៊ើបអង្កេតប៉ូលិសបានរឹបអូសប្រាក់មួយចំនួនពីលោក Dung ផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ VN Express