ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យស្វែងរកចំណុចរួមជាមួយទីក្រុងប៉េកាំង និងបន្តការរួមរស់ដោយសន្តិភាព ដោយព្រមានថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសឹកក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង។
ថ្លែងនៅក្នុងវេទិកាសាធារណៈមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន លោក Xie បាននិយាយថា ពន្ធគយនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក និងទាក់ទាញភាពស្របគ្នារវាងវិបត្តិសេដ្ឋកិច្ចដ៏ធំ និងពន្ធដែលដាក់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៣០ ។


លោក Xie បាននិយាយថា ភាពសុខដុមរមនាគួរតែដឹកនាំរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ លោកបានលើកជាឧទាហរណ៍ថា «រូបមន្តឱសថបុរាណចិនដ៏ល្អមួយជាធម្មតារួមបញ្ចូលសារធាតុផ្សំជាច្រើនដែលពង្រឹងដល់គ្នាទៅវិញទៅមក និងបង្កើតប្រសិទ្ធភាពផ្នែកវេជ្ជសាស្រ្ដដ៏ល្អបំផុត»។
លោកបន្តថា ដូចគ្នាដែរ ផែនដីក៏ធំល្មមអាចទទួលបានទាំងចិន និងអាមេរិកផងដែរ។ «យើងគួរបន្តការរួមរស់ដោយសន្តិវិធី ជាជាងការប៉ះទង្គិចគ្នា ហើយជួយគ្នាទៅវិញទៅមកជោគជ័យ ជាជាងជាប់ក្នុងសេណារីយ៉ូចាញ់ឈ្នះ»។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងឆ្នាំ២០២៤ ចិនជាដៃគូពាណិជ្ជដ៏ចម្បងបំផុតរបស់អាមេរិក ដែលមានទំហំជិត ៣០០ ពាន់លានដុល្លារនៃការដោះដូរពាណិជ្ជកម្មទ្វេភាគី។ ទោះបីជាដៃគូរពាណិជ្ជកម្មដ៏ធំរវាងគ្នាក្តីនេះប្រទេសមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នារឿងពន្ធគយថ្មីៗ ដែលដំឡើងដោយប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលទំនិញពីចិនដល់ ២៤៥% ដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។
ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា ការដំឡើងពន្ធទំនិញនាំចូលរបសចិនរហូតដល់ ២៤៥% ដើម្បីជាការឆ្លើយតបទៅកាន់ចិនវិញ ក្រោយទីក្រុងប៉េកាំងប្រកាសពន្ធសងសឹកលើអាមេរិក ១២៥%៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters