ប្រទេសចិននៅតែដណើ្តមចំណាត់ថ្នាក់កំពូលលេខ១ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក ដែលមានចំណែករហូតដល់ជិត៥០% នៃទំហំទុនវិនិយោគសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤ ហើយត្រឹមខែមេសានេះក៏នៅបន្តនាំមុខជាអ្នកវិនិយោគច្រើនជាងគេ។
បន្ថែមពីលើនេះ ប្រធានាធិបតីចិន Xi Jinping អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនៅរាជធានីភ្នំពេញ បានលើកទឹកចិត្តវិនិយោគិនមកវិនិយោគនៅកម្ពុជា និងបើកទីផ្សារចិនឲ្យកម្ពុជា ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេស។ នេះបើតាមលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។


ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារបស់មេដឹកនាំចិន នៅស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី១៩ ខែមេសា លោក Wang Wenbin បានថ្លែងស្រង់សម្តីលោក Xi Jinping ដោយលើកឡើងថា ប្រទេសចិនយើងនឹងលើកទឹកចិត្តឲ្យវិនិយោគិនកាន់តែច្រើន មកវិនិយោគនៅកម្ពុជា បើកទីផ្សារប្រទេសចិនយើងឲ្យកម្ពុជា យើងនឹងនាំចូលនូវកសិផល ឲ្យបានកាន់តែច្រើន ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេសកម្ពុជា ជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ បានអនុម័តគម្រោងវិនិយោគរហូតដល់ ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារជិត៣២ម៉ឺនកន្លែង។ ក្នុងចំណោមវិនិយោគិនដែលបានបោះទុនវិនិយោគនៅកម្ពុជា វិនិយោគិនចិន ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ដែលបានរួមចំណែករហូតដល់ប្រមាណ ៥០% នៃទំហំវិនិយោគសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤ ដែលតាមពីក្រោយដោយវិនិយោគិនកម្ពុជា មានចំណែក៣៤% និងវិនិយោគិនវៀតណាម មាន៨%៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ AKP