កំណើន​សេដ្ឋកិច្ច​ថៃ​នឹង​ទទួល​រងផលប៉ះពាល់ពីសម្ពាធ​ពន្ធគយ​របស់​អាមេរិក

មន្ត្រីនៃធនាគារកណ្តាលថៃ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងរងផលប៉ះពាល់ដោយសារសម្ពាធនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ខ្លួន បើទោះបីជាមិនខ្លាំងដូចអំឡុងពេលជំងឺរាតត្បាត Covid-19 ក៏ដោយ ។

ការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក និងការពន្យារពេលវិនិយោគ នឹងជះឥទ្ធិពលលើការនាំចេញរបស់ប្រទេសថៃនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នេះបើតាមជំនួយការទេសាភិបាលធនាគារកណ្តាលថៃ លោក Sakkapop Panyanukul បានប្រាប់សន្និសីទសារព័ត៌មាន។

លោក Sakkapop Panyanukul បាននិយាយថា “ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកលគឺជាក្តីព្រួយបារម្មដ៏ធំ និងអូសបន្លាយដែលនឹងប៉ះពាល់ដល់ប្រទេសថៃតាមវិធីជាច្រើន”។

ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលរងសម្ពាធពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយប្រឈមនឹងពន្ធ ៣៦% ប្រសិនបើការចរចាមិនបានសម្រេច ហើយនឹងផុតកំណត់នៅក្នុងខែកក្កដា។

លោក Sakkapop បាននិយាយថា សេដ្ឋកិច្ចឥឡូវនេះទំនងជានឹងកើនឡើងតិចជាង ២.៥% នៅឆ្នាំនេះ ទាបជាងការព្យាករណ៍ពីមុន ដោយសារការនាំចូលរបស់សហរដ្ឋអាមេរិកខ្ពស់ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ថៃជាមួយអាមេរិកនឹងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។

លោក​បាន​ថ្លែង​ថា​ ផលិតផល​ក្នុងស្រុក​សរុប​នឹង​ធ្លាក់​ចុះ​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​លោក​ថា ​ចំនួន​ប៉ុន្មាន​នៅតែ​មិន​ច្បាស់លាស់​ និងថា ផល​ប៉ះពាល់​នឹង​មិន​តូច​ទេ ប៉ុន្តែ​វា​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ក្នុង​អំឡុង​ពេល Covid នោះ​ទេ។

លោក​បាន​បន្ត​ថា អតិផរណា​ទំនង​ជា​នឹង​ធ្លាក់​ចុះ​ដែល​​ជំរុញ​ដោយ​កត្តា​ផ្នែក​ផ្គត់ផ្គង់ ប៉ុន្តែ​មិន​មាន​សម្ពាធ​លើ​គោល​នយោបាយ​រូបិយវត្ថុ​ទេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post