ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក កម្ពុជា នឹងបន្តប្រឹងប្រែងចរចាដោះស្រាយរក្សាឱ្យបាននូវផលប្រយោជន៍

សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានកើតឡើងជាថ្មីក្រោយពេលលោក Donald Trump បានដាក់ចេញនូវគោលនយោបាយដំឡើងពន្ធប្រទេសនានា ជាពិសេសសំដៅទៅប្រទេសចិន។

នៅចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នាពេលនេះ សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម កាលពីថ្ងៃទី១២ ខែមេសា សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «ស្ថានភាពសេដ្ឋកិច្ចមិនស្រួលនោះទេ បងប្អូនបានតាមដានហើយសង្គ្រាមពាណិជ្ជកម្ម តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល ទោះបីជាកត្តាយ៉ាងណាក៏ដោយ យើងមិនអាចរត់ចោល យើងមិនអាចមិនប្រឈមនោះទេ យើងមិនអាចធ្វើមិនដឹងមិនឮទេ យើងត្រូវប្រឈមដើម្បីរកវិធីដោះស្រាយ ដោះឱ្យបានលឿនដោះឱ្យមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិរបស់យើង»។

ក្រៅពីប្រទេសចិនដែលជាមិត្តដែកថែប កម្ពុជាឯណេះ ក៏ត្រូវបានសហរដ្ឋអាមេរិកបានប្រកាសដំឡើងរហូតដល់ ៤៩ភាគរយ ប៉ុន្តែអនុវត្តបណ្តោះអាសន្នត្រឹមតែ ១០ភាគរយប៉ុណ្ណោះ ដែលមានរយៈពេល៩០ថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់តាំងក្រុមការងារដើម្បីចរចាជុំវិញបញ្ហាដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះដែរ។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «កន្លងទៅការចេញលិខិតសុំចរចា ការរៀបចំដើម្បីធ្វើកិច្ចការធានា ពិពិធកម្មសេដ្ឋកិច្ចរបស់យើង និងការបង្កើននៅមូលដ្ឋាន ធនធានមនុស្ស និងសេដ្ឋកិច្ចរបស់យើងនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ធ្វើដើម្បីអ្វី គឺដើម្បីធានាសេដ្ឋកិច្ចឱ្យរីកចម្រើន សេដ្ឋកិច្ចរីកចម្រើនដើម្បីនរណា គឺដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា»៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី