រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបន្តបង្ហាញកំណើននៃការអនុម័តគម្រោងវិនិយោគថ្មីក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងរហូតដល់ចំនួន ១៧២គម្រោងវិនិយោគ ជាមួយទំហំទុនប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គម្រោងវិនិយោគដែលបានអនុម័តក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សរុបចំនួន ១៧២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក ហើយបង្កើតការងារបានប្រមាណ ១២ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤%។
ទន្ទឹមគ្នានោះ វិស័យដែលវិនិយោគច្រើនបំផុតបានទៅលើវិស័យឧស្សាហកម្ម មានទំហំទុន ២,២ប៊ីលានដុល្លារអាម៉េរិក។
បើតាម CDC គម្រោងវិនិយោគដែលបានអនុម័តក្នុងខែមីនា ឆ្នាំ២០២៥ មានគម្រោងវិនិយោគសរុប ៦០គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបាន៖ ប្រមាណ ៥ម៉ឺនកន្លែង។ ដោយឡែកវិស័យវិស័យដែលវិនិយោគច្រើនបំផុត គឺឧស្សាហកម្ម មានទំហំទុន ១,២ប៊ីលានដុល្លារអាម៉េរិក។
ជាមួយគ្នានេះ ប្រភពទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិនមាន ៥៦,២៣% កម្ពុជា ៣៦,៤០% សិង្ហបុរី ២,៩១% កោះ British Virgin ២,៤០% និងវៀតណាម ១,៦៥% ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC