រដ្ឋបាល Trump មិនយល់ព្រមបញ្ចុះពន្ធដល់វៀតណាម ដោយចោទបន្លំនាំទំនិញចិនទៅអាមេរិក

ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro បាននិយាយកាលពីថ្ងៃចន្ទថា អាមេរិកមិនយល់ព្រមបញ្ចុះពន្ធដល់វៀតណាមនោះទេ បើទោះខំទម្លាក់ពន្ធលើទំនិញអាមេរិកដែលនាំចូលវៀតណាមដល់សូន្យភាគរយក៏ដោយ។ 

លោក Navarro បាននិយាយនៅក្នុងកម្មវិធី Squawk Box របស់ស្ថានីយទូរទស្សន៍ CNBC ថា បានលើកឡើងនូវហេតុ០លចំនួន ២ធំៗ គឺហេតុផលធំទី១ វៀតណាមបានបន្លំនាំទំនិញចិនទៅអាមេរិក ជ្រកក្រោមស្លាកផលិតផលវៀតណាម និងទី២ ដោយសារតែទម្ងន់ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឃ្លាតគ្នាច្រើនពេកដល់ទៅ ១២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តាមដានជាមួយយើង៖ Million Times

ការអះអាងរបស់លោក Navarro ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានបង្ហោះក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រថា លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានស្នើឱ្យកាត់បន្ថយពន្ធលើផលិតផលអាមេរិកដល់សូន្យ។

ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលផលិតសម្រាប់ក្រុមហ៊ុនជាច្រើនដែលលក់ផលិតផលនៅសហរដ្ឋអាមេរិក រួមទាំង Nike ជាដើម។ រដ្ឋបាល Trump បាននិយាយថា នឹងអនុវត្តការយកពន្ធ ៤៦% ចំពោះការនាំចូលពីទីផ្សារវៀតណាម នៅថ្ងៃទី៩ ខែមេសានេះ។

ភ្លាមៗ ក្រោយប្រធានាធិបតី Trump ដាក់ពន្ធ ៤៦% លើការនាំចេញទំនិញទៅអាមេរិក វៀតណាមបានប្រកាសយល់ព្រមទម្លាក់ពន្ធពីអាមេរិកដល់សូន្យភាគរយ ប្រសិនជារដ្ឋបាល Trump យល់ព្រមលើការចរចាការដកការដំឡើងពន្ធមកលើវៀតណាម។ 

សូមបញ្ជាក់ផងដែរថា ទំហំទឹកប្រាក់ដែលវៀតណាមនាំចេញទៅអាមេរិកមានប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក ចំណែកអាមេរិកនាំមកវៀតណាមមានតែជាង ១០ ពាន់លានដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ CNBC