ជួបប្រធានាធិបតីចិនហើយ សម្តេច ហ៊ុន ម៉ាណែត នឹងចេញទៅទាក់ទាញវិនិយោគិននៅជប៉ុន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ផែនការនឹងចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនពីជប៉ុនបន្ថែមទៀត នៅខែក្រោយ។ គម្រោងដំណើរទស្សនកិច្ចនៅជប៉ុន គ្រោងធ្វើឡើងក្រោយមេដឹកនាំមហាយក្សចិន លោក Xi Jinping មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្តាលខែមេសា។

ថ្លែងចេញពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំនឹងទៅទស្សនកិច្ចផ្លូវការនៅជប៉ុន នៅខែក្រោយ ។ យើងនឹងគ្រោងធ្វើការ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន ថែមទៀត»។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមគ្នានេះ សម្តេចបានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនបរទេសទាំងអស់ មិនថាតែ អ្នកវិនិយោគមកពីជប៉ុន មកពីអាមេរិក ឥណ្ឌាឡើយ ដើម្បីមកបណ្តាក់ទុននៅគ្រប់វិស័យទាំងអស់នេះកម្ពុជា។ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា «នេះជាអ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើ បើទោះបីជាពេលខ្លះយើងនិយាយតិច តែយើងធ្វើច្រើន»។

ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ៩០ ក្រុមហ៊ុន កើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូល រួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី