ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចក្ខុវិស័យនឹងបង្កើនការទាក់ទាញវិនិយោគិនសម្លឹង​ទៅ​វិនិ​យោ​​គ​តាមបណ្ដា​ខេត្ត​​

រាជរដ្ឋាភិបាល​កម្ពុជា បានចំណាយថវិកាច្រើន​វិនិយោ​គ​លើ​ហេ​ដ្ឋា​រ​ច​នាសម្ព័ន្ធ​ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ពី​រាជធានីភ្នំពេញទៅកាន់​បណ្ដាខេត្ត​នានា​ ជាការវិនិយោគប្រកបដោយចក្ខុវិស័យ ដែលនឹង​អាច​ទាក់​ទាញទាំងវិនិយោគិន​ជាតិ​ និងអន្តរជាតិឱ្យសម្លឹង​ទៅ​វិនិ​យោ​​គ​នៅតាមបណ្ដា​ខេត្ត​​ទាំងនោះបន្ថែមពីលើរាជធានីភ្នំពេញដែលជាមេដែករួចមក​ហើយ។

លោក ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC កាលពីថ្ងៃទី​៣១ ខែមីនា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធដែល​មានលក្ខណៈ​ល្អ​ប្រសើរ នឹង​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយធុរកិច្ច និ​ងសន្សំ​សំចៃពេលវេលា ខណៈដែលរាជរដ្ឋាភិបាល​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធាប់សន្ធាប់លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធចម្បង រួមមាន ការ​សាងសង់​ផ្លូវល្បឿនលឿន​ជាពិសេសផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ដែលគ្រោង​ នឹង​បញ្ចប់​ការ​សាងសង់​នៅឆ្នាំ២០២៧ កំពង់ផែទឹក​ជ្រៅ​ព្រែកជីក​ហ្វូណនតេជោ អាកាសយដ្ឋាន​អន្តរជាតិ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មជាដើម។

តាមដានជាមួយយើង៖ Million Times

លោកថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹង​ចូលរួម​ចំណែក​ដោយផ្ទាល់ ក្នុងការ​លើក​កម្ពស់​ការ​តភ្ជាប់​ក្នុង​តំបន់​ ព្រមទាំង​ធានា​លទ្ធភាព​ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់​តាមច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ និ​ងក្នុងតំបន់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោកបន្ថែមថា ក្នុងគោល​បំណង​បង្កើត​បរិយាកាស​ធុរកិច្ច​ដែលឆ្លើយ​តបទៅនឹង​តម្រូវ​ការ​ក្ដីកង្វល់​របស់​វិនិយោគិន រាជរដ្ឋាភិបាលបាន​បង្កើត​​យន្ត​ការនានា​ជាច្រើន។​ តួយ៉ាង​វេទិការាជរដ្ឋាភិបាល​ ផ្នែក​ឯកជន​លើក​ទី១៩ កាលពីខែវិច្ឆិកា​ ឆ្នាំ២០២៣​កន្លងទៅ បានដោះស្រាយ​បញ្ហា​ប្រឈម​ និងក្ដី​កង្វល់​ដែលធុរកិច្ច​ និ​ងវិនិយោគិន​ជួប​ប្រទះក្នុង​ប្រតិបត្តិ​ការរបស់ខ្លួន​នៅកម្ពុជា។

​របាយការណ៍របស់​ CDC បានឱ្យដឹងថា ក្នុងរយៈ​ពេល​៣ខែ ដើមឆ្នាំ២០២៥​នេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគចំនួន​១៧២គម្រោង ដែល​មានចំនួន​លើស​ឆ្នាំ២០២១​ទាំងមូល ដែលមានត្រឹមតែ ១៦៩​គម្រោង​ ខណៈ​ឆ្នាំ២០២៤​កន្លងទៅ គម្រោង​វិនិយោគទាំងអស់​ដែលក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានចុះបញ្ជី​មានចំនួន​៤១៤​គម្រោង​មានទឹកប្រាក់​ប្រមាណជិត​៧​ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC