កាលឆ្នាំ ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្ម​ជាតិ​ពីកម្ពុជា ជិត ១ លាន​តោន​

ក្រុមហ៊ុន​កៅស៊ូ​វៀតណាម (Vietnam Rubber Group JSC) គឺជា​ក្រុមហ៊ុន​វិនិយោគ​ឈាន​មុខ​គេ​លើ​វិស័យ​កៅស៊ូ​ធម្មជាតិ​​​នៅ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​គម្រោង​វិនិយោគ​ចម្ការ​កៅស៊ូ ១៦ លើ​ផ្ទៃដី​ជិត ៩០ ០០០ ហិកតា និង​មាន​រោងចក្រ​កែច្នៃ ៧។ ក្រៅពី Vietnam Rubber Group JSC ក៏​មាន​ក្រុមហ៊ុន​វៀតណាម​ផ្សេង​ៗ​ទៀត ទាំង​រដ្ឋ និង​ឯកជន​បាន​វិនិយោគ​លើ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

កាលពី​ឆ្នាំ ២០២៤ វៀតណាម​បាន​នាំចូល​កៅស៊ូ​ធម្មជាតិ​ជិត ១ លាន​តោន​ពី​កម្ពុជា ឬ​ជាង ៦៤ ភាគរយ នៃ​ការ​នាំ​ចូល​សរុប​របស់​វៀតណាម ដែល​មាន​តម្លៃ​ជាង ១,២ ពាន់​លាន​ដុល្លារ ហើយ​បរិមាណ​នាំចូល​ពី​កម្ពុជា​ស្ទើរតែ​ស្មើ​នឹង​ផលិតកម្ម​ក្នុងស្រុក​របស់​​វៀតណាម។ នេះ​បើ​យោង​ទិន្នន័យ​គយ​វៀតណាម​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ការ​លើក​កម្ពស់​ផលិតកម្ម​កៅស៊ូ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​វៀតណាម នៅ​កម្ពុជា​កាលពី​សប្ដាហ៍​មុន​នៅ​សណ្ឋាគារ​សាន់ អេន ម៉ូន( Sun&Moon) រាជធានី​ភ្នំពេញ។

​កៅស៊ូ​ធម្ម​ជាតិ​ភាគ​ច្រើន​ដែល​ផលិត​នៅ​វៀតណាម និង​នាំ​ចូល​ពី​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន។ កាលពី ២០២៤ វៀតណាមបាននាំចេញកៅស៊ូធម្មជាតិ ១,៤៥ លានតោន ទៅ​​ចិន ដែល​មាន​តម្លៃ ២,៤ ពាន់លានដុល្លារ។ ក្រៅពី​ចិន​សហភាពអឺរ៉ុប អាមេរិក កូរ៉េ និង​ជប៉ុន ក៏​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​ៗ​ផ្សេង​ទៀត​របស់​វៀតណាម​ផង​ដែរ។

សិក្ខាសាលា​នោះ មាន​ចូលរួមដោយលោក Phan Tran Hong Van តំណាង​សមាគម​កៅស៊ូ​វៀតណាម (VRA) ,លោក Phuc To មកពី​អង្គការ Forest Trends, អ្នកស្រី Mai នៃ​ក្រុមហ៊ុន Mai Vinh, តំណាង​ក្រុមហ៊ុន Chu Se Kampong Thom Rubber JSC សមាជិក​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម (Vietnam Rubber Group), លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​ប្រចាំ​នៅ​កម្ពុជា, តំណាង​ក្រុមហ៊ុន​ដាំដុះ និង​កែច្នៃ​កៅស៊ូ​ពី​កម្ពុជា និង​វៀតណាម ទីភ្នាក់ងារ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ អង្គការ​មិនមែន​រដ្ឋាភិបាល កសិករ​កៅស៊ូ​ខ្នាត​តូច និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​កៅស៊ូ និង​និរន្តរភាព​ជាដើម។

គួរ​បញ្ជាក់​ថា សិក្ខាសាលា​ខាង​លើ​មាន​គោល​បំណង៖

– ផ្តល់​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​ពី​ការ​ផលិត និង​ពាណិជ្ជ​កម្ម​កៅស៊ូ និង​ការ​វិនិយោគ​លើ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​ទាំង២។


– ជូន​ដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង ២ ទាក់ទង​នឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​បច្ចុប្បន្ន​រវាង​កម្ពុជា និង​វៀតណាម រួមទាំងទិដ្ឋភាពស្របច្បាប់ និង​និរន្តរភាពនៃខ្សែច្រវាក់​ទាំងនេះ។


– ពិភាក្សាអំពីភាពស្របច្បាប់ និង/ឬហានិភ័យនិរន្តរភាព​ទាក់ទង​នឹង​ការ​ផលិត និង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​លើ​កៅស៊ូ​ក្នុង​ប្រទេស​នីមួយៗ ព្រម​ទាំង​ស្វែងរក​ឱកាស​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ពេល​អនាគត ដើម្បី​សម្រួល​ដល់​ការ​ផលិត និង​ពាណិជ្ជកម្ម​ស្របច្បាប់ និង​និរន្តរភាព​រវាង​ប្រទេស​ទាំង២៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ information.gov និងរដ្ឋបាលខេត្តត្បូងឃ្មុំ