ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានឲ្យដឹងថា ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនខ្មែរ មានត្រឹមតែ ១១ ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់។


សម្រាប់ឥណទាន ដែលប្រជាជនកម្ពុជាខ្ចីជាប្រាក់រៀលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏មានចំនួនតិចតួចដែរ ដែលក្នុងនោះមានតែ ១៣% ប៉ុណ្ណោះ ជាប្រាក់រៀល ហើយសល់ពីនេះសុទ្ធសឹងជាប្រាក់ដុល្លារអាមេរិក។ លោកជំទាវ បញ្ជាក់ថា កំណើនចរាចរប្រាក់រៀល ក៏បានកើនឡើង ទន្ទឹមគ្នានឹងការចរាចរប្រាក់ដុល្លារ ដែលធ្វើឲ្យកម្រិតដុល្លាររូបនីយកម្មនៅទ្រឹង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងនៅសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ និងក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។
សិក្ខាសាលានោះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាអធិបតេយ្យជាតិ ធ្វើឲ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹង អត្តសញ្ញាណជាតិ និងភាពធន់។

កាលឆ្នាំ ២០២៤ កន្លងទៅ ចំនួនប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធបាគង បានកើនឡើង ៤,៣ ដង ហើយទំហំទឹកប្រាក់បានកើនឡើង ២,២ ដង ធៀបនឹងឆ្នាំ ២០២៣ ដែលច្រើនជាងកំណើននៃប្រតិបត្តិការ និងទំហំទូទាត់ជាប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើង ២,៣ ដង និង ១,៩ ដងរៀងគ្នា។
ធនាគារជាតិនៃកម្ពុជា បានអះអាងថា ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើនភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។ នេះដោយសារនៅពេលលុយរៀល អាចដើរតួនាទីសំខាន់ក្នុងការកំណត់ថ្លៃទំនិញ និងសេវា គឺកម្ពុជាអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន។
ជាមួយគ្នានេះ ធនាគារជាតិ អាចជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិត តួយ៉ាងដូចជាការឲ្យខ្ចីបច្ចុប្បន្ន ភាគច្រើនជាដុល្លារអាមេរិក អត្រាការប្រាក់ត្រូវបានកំណត់ដោយប្រទេស ដែលបោះពុម្ពប្រាក់ដុល្លារអាមេរិក។ ដូចនេះអត្រាការប្រាក់ត្រូវប្រែប្រួលទៅតាមនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ រូបភាព៖ cpp