កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក (The 2nd Cambodia – U.S. Public – Private Sector Dialogue) បន្តលើរបៀបវារៈជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក។
កិច្ចសន្ទនាលើកទី២ រៀបចំឡើងកាលពីថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC ) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។


កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បង្ហាញឲ្យឃើញថា អាម៉េរិកពិភាក្សាល្អិតល្អន់ខ្លាំងណាស់ មុនពេលសម្រេចចិត្តឲ្យវិនិយោគិនរបស់ខ្លួន ដាក់ទុនវិនិយោគនៅកម្ពុជា។ បើតាម CDC កិច្ចសន្ទនាបានពិភាក្សាជាអាទិ៍៖ (១)បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, (២)កត្តាជំរុញលើកកម្ពស់លទ្ធភាពក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក, (៣) នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីកំណើននៃគម្រោងវិនិយោគដែលបំបែកកំណត់ត្រារបស់ CDC សម្រេចបាននូវការអនុម័តគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ លោកថា ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកក៏បានលើកឡើងអំពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែង និងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិកបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ ពិសេស ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាម៉េរិករំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC