កំពង់ផែអន្តរជាតិខេត្តព្រះសីហនុនឹងមានទុនវិនិយោគប្រមាណជិត ១ ០០០ លានដុល្លារអាម៉េរិកបន្ថែមទៀតនៅឆ្នាំ២០២៩ខាងមុខ ដែលរាជរដ្ឋាភិបាលមានផែនការរៀបចំឱ្យទៅជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទិកតំបន់ ដើម្បីបម្រើដល់សេចក្តីត្រូវការចំពោះមុខ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា «នៅឆ្នាំ២០២៩ខាងមុខ កំពង់ផែខេត្តព្រះសីហនុនឹងមានទុនវិនិយោគប្រមាណជិត ១ ០០០ លានដុល្លារអាម៉េរិកបន្ថែមទៀត ខណៈដែលកំពង់ផែមួយនេះត្រូវការនូវទុនវិនិយោគដ៏ធំ ដែលយើងមិនត្រឹមតែធ្វើឱ្យវាជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ តែយើងត្រូវរៀបចំឱ្យទៅជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទិកតំបន់តែម្តងដើម្បីបម្រើដល់សេចក្តីត្រូវការចំពោះមុខ»។


សម្ដេចបានបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលមានសេដ្ឋកិច្ចធំ ជាខេត្តផែសមុទ្រ ទឹកជ្រៅដែលមានសក្តានុពលនិងវិនិយោគ ដោយយើងមានគម្រោងវិនិយោគដល់ឆ្នាំ២០២៩ លើទឹកប្រាក់ ១ ០០០លានដុល្លារ ដែលជំហានទី១ បានចំណាយ ២០០លានដុល្លារលើការពង្រឹងនិងពង្រីកផែព្រះសីហនុ។ ដំណាក់កាលទី២ គ្រោងចាយ ៦០០លានដុល្លារទៀត ដើម្បីអោយកំពង់ផែខេត្តព្រះសីហនុអាចបំរើ មិនត្រឹមតែជាផែអន្តរជាតិនោះទេ តែរៀបចំសម្រាប់បំរើភស្តុភារកម្មនៃប្រព័ន្ធដឹកជញ្ជូនថ្នាក់តំបន់តែម្តង។
ទន្ទឹមគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានស្នើឲ្យមានការរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សនៅនឹងកន្លែង ពិសេសរៀបចំការបណ្តុះបណ្តាលធ្វើយ៉ាងណាឲ្យមានមូលដ្ឋាន រឹងមាំសម្រាប់ផលិតធនធានមនុស្សដែលមានសមត្ថភាព និងមានលទ្ធភាពនៅក្នុងការចាប់យកឱកាសបម្រើឲ្យការអភិវឌ្ឍនៅកំពង់ផែព្រះសីហនុ។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការទាមទារធនធានមនុស្សនេះ ស្របពេលដែលកម្ពុជាកំពុងពង្រីកសក្តានុពលរបស់ខេត្តព្រះសីហនុ ឲ្យកាន់តែធំថែមទៀត ដើម្បីជំរុញឲ្យខេត្តព្រះសីហនុកាន់តែជួយជាកម្លាំងជួយដល់សេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី