ស្របពេលរាជរដ្ឋាភិបាល បានកំណត់មហិច្ឆតាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ធនាគារពិភពលោក World Bank ប្រកាសអំពីការបេ្ដជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ក្នុងជំនួបនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា វៀតណាម និងឡាវ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។


ទន្ទឹមនឹងនេះ លោកស្រីក៏បានជម្រាបជូនសម្ដេចនាយករដ្ឋមន្រ្តីអំពីការអនុម័តលេីឯកសារស្តីពី ≪ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩≫ និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម សំដៅដល់ការជំរុញកំណេីន និងការអភិវឌ្ឍ ដោយផ្តោតលេីវិស័យជាច្រេីន ព្រមទាំងវិធានការគន្លឹះក្នុងការធានានូវបវិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្កលក្ខណៈអំណោយផលដល់វិស័យឯកជនក្នុងការធ្វើសមាហរណកម្ម និងពង្រឹងភាពធន់របស់ខ្លួន។
ក្នុងជំនួបដដែលនោះ សម្ដេចនាយករដ្ឋមន្រ្តី និងលោកស្រីនាយិកា World Bank ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល, ព្រមទាំង ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់នៅក្នុងការជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រយៈពេល ៥ ឆ្នាំ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។ យុទ្ធសាស្ត្រនេះសម្រាប់រដ្ឋាភិបាល នីតិកាលទី៧ គឺផ្តោតលើវិស័យសំខាន់ៗ៥ រួមមាន ការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងឱកាសការងារ ការលើកកម្ពស់ភាពធន់ និរន្តរភាព, និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការពង្រឹងសេដ្ឋកិច្ចឌីជីថល និងសង្គម។ យុទ្ធសាស្ត្រនេះ មាន ៥ ដំណាក់កាល។ ដំណាក់កាលទី១ មានអាទិភាពចំនួន ៥ គឺផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី