អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថាតម្លៃជ្រូករស់រង្វង់ ១ម៉ឺនរៀល ក្នុង១ គីឡូក្រាម គឺជាតម្លៃសមរម្យ មិនប៉ះពាល់ដល់ប្រាក់ចំណេញអ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគឡើយ។ នេះដោយសារតែមានការស្នើសុំឲ្យក្រសួងជួយអន្តរាគមន៍រឿងជ្រូករស់ឡើងថ្លៃខ្ពស់។


លោក ឃឹម ហ្វីណង់ បានលើកឡើងបញ្ហានេះ ក្រោយពីសង្កេតឃើញថា បច្ចុប្បន្ននេះថ្លៃជ្រូករស់ មានការកើនឡើងប្រសើរជាងមុន សម្រាប់កសិករអ្នកចិញ្ចឹម។ តែតម្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ ខណៈក្រសួងកសិកម្មសង្កេតយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួននាថ្ងៃ ២៥ ខែមីនា ឆ្នាំ ២០២៥ នេះថា “ដោយសង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូក ខ្ញុំសូមបញ្ជាក់ថា ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុន សម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។ ថ្លៃជ្រូករស់ក្នុងរង្វង់១ ម៉ឺនរៀល គឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូក ក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះ ដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។ កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា“។
គួរបញ្ជាក់ថា ពីក្រុមអាជីវករលក់សាច់ជ្រូកមួយចំនួន ក្នុងរាជធានីភ្នំពេញបង្ហាញក្តីកង្វល់ ការបន្តឡើងថ្លៃជ្រូករស់ដល់ ១១ ២០០ រ ក្នុង១គីឡូក្រាម ជាពិសេស ការលក់តម្លៃផ្តាច់មុខរបស់ក្រុមហ៊ុនចិញ្ចឹមមកពីក្រៅប្រទេស៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ឃឹម ហ្វីណង់