លោកស្រី ឡេង ដាវី នាំស្តេចថ្មអារធម្មជាតិខ្មែរ ចូលរួមពិព័រណ៍ថ្មអន្តរជាតិនៅចិន អ្នកចូលរួមរាប់ម៉ឺននាក់មកពី ១២០ប្រទេស

ក្រុមហ៊ុន Rithy Granite (Cambodia) Co., Ltd. បាន​នាំ​យក​ផលិតផល​ស្ដេច​ថ្ម​ក្រានីត​ខ្មែរ ទៅ​ចូលរួម​ផ្សព្វផ្សាយ​សក្តានុពល​ថ្ម​អារ​នៅ​ពិព័រណ៍​ថ្ម​អន្តរជាតិ ហ្សាមែន លើកទី២៥ (The 25th China Xiamen International Stone Fair) ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​ទីក្រុង​ហ្សាមែន ខេត្ត​ហ៊្វូជៀន ប្រទេស​ចិន រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃ ១៦-១៩ ខែ​មីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

ការ​ចូលរួម​ពិព័រណ៍ The 25th China Xiamen International Stone Fair របស់​ក្រុមហ៊ុន Rithy Granite ត្រូវ​បាន​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​ឧកញ៉ា ឡេង ឫទ្ធី ស្ថាបនិក Rithy Granite (Cambodia) និង​ជា​ប្រធាន​សមាគម​ថ្ម​អារ​កម្ពុជា និង​លោកស្រី ឡេង ដាវី អគ្គនាយិកា Rithy Granite (Cambodia) និង​ជា​អនុប្រធាន​សមាគម​ថ្ម​អារ​កម្ពុជា។

ថ្លែងប្រាប់គេហទំព័រ Million Times ពីប្រទេសចិន លោកស្រី ឡេង ដាវី បានឲ្យដឹងថា ពិព័រណ៍​ថ្ម​អន្តរជាតិ​នេះ​មាន​ការ​ដាក់​តាំង​ជាង ២ ០០០ ប៊ូត មាន​ថ្ម​ជាង ២ ០០០ ប្រភេទ​ដាក់​បង្ហាញ ដែល​មាន​អ្នក​ចូល​មើល​រាប់​ម៉ឺន​នាក់​មក​ពី ១២០ ប្រទេស។ លោកស្រី​មាន​ប្រសាសន៍៖ «ការ​ចូល​រួម​នេះ​ក្នុង​គោលដៅ​ពង្រីក​ពាណិជ្ជកម្ម​ថ្ម​អារ​ជា​សកល ដែល​ដឹកនាំ និង​សម្របសម្រួល​របស់​សមាគម​ថ្ម​អារ​កម្ពុជា បាន​សហការ​គ្នា តាំង​បង្ហាញ​ថ្ម​ជា​ទ្រង់ទ្រាយ​ធំ ដោយ​សម្រេច​បាន​លើក​ទង់ជាតិ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ឲ្យ​បណ្ដា​ធុរជន​អន្តរជាតិ​បាន​ស្គាល់​ផង​ដែរ ដើម្បី​ជា​ការ​ឆ្លើយតប និង​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

លោកស្រី​ថ្លែង​ថា ពិព័រណ៍​ថ្ម​អន្តរជាតិ ហ្សាមែន លើកទី២៥ ឆ្នាំ​នេះ យើង​បាន​បង្ហាញ​ពី​សក្តានុពល​វិស័យ​រ៉ែ​ថ្ម​អារ​ទាំង ១១ ខេត្ត និងមានក្រុមហ៊ុនរ៉ែ ព្រមទាំងរោងចក្រអារថ្ម ជាង ៦០ក្រុមហ៊ុន អាច​ផលិត​ថ្ម​ប្លុក​លើស​ពី 8,000m3ក្នុងមួយឆ្នាំ ជាពិសេសរោងចក្រអាចផលិតថ្ម ក្នុងបរិមាណ 800,000m2 ក្នុង​មួយ​ឆ្នាំ នេះ​ជា​ទំហំ​ដែល​អាច​ផ្គត់ផ្គង់​ទៅ​លើ​ទីផ្សារ​អន្តរជាតិ នា​ពេល​បច្ចុប្បន្ន និង​អាច​ពង្រីក​ការ​វិនិយោគ ហើយ​ផលិត​នាំ​ចេញ​បាន​លើស​នេះ​ច្រើន​ដង។

អនុប្រធាន​សមាគម​ថ្ម​អារ​កម្ពុជា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មិនត្រឹមតែកែច្នៃថ្មក្នុងស្រុកទេ កម្ពុជា​ក៏​មាន​តម្រូវការ​នាំ​ចូល​ថ្ម​គ្រប់​ប្រភេទ​ចូល​ទៅ​កាន់​ទីផ្សារ​កម្ពុជា​ដែល​មាន​បរិមាណ​ច្រើន​ម៉ឺន​ម៉ែត្រ​ការ៉េ​ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី ឡេង ដាវី ត​ទៅ​មុខ កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​វិនិយោគ​រោងចក្រ​កែច្នៃ​ថ្ម​អារ, កែច្នៃ​ទាំង​ថ្ម​ប្លុក​ក្នុង​ស្រុក និង​ថ្ម​ប្លុក​ពី​បរទេស ជាច្រើន​ប្រភេទ ដើម្បី​ចែកចាយ​ក្នុងស្រុក ក្នុង​តំបន់​អាស៊ី និង ចែកចាយ​ជា​សកល។

ទន្ទឹម​គ្នា​នេះ​អគ្គ​នាយិកា​ក្រុមហ៊ុន Rithy Granite បាន​គូស​បញ្ជាក់​ថា មកឆ្នាំនេះ ពិសេសជាងសព្វដង ជាមួយ​ថ្ម​ថ្មី​ពិសេស ស្ដេច​ថ្ម​កម្ពុជា​ដោយ​ភាព​អស្ចារ្យ​នៃ​ការ​ប្រមូល​ផ្ដុំ​ថ្ម​កម្ពុជា​គ្រប់​ប្រភេទ​ជា​កាឡាក់ស៊ី​ថ្ម នេះ​ជា​ភស្តុតាង​ថា កម្ពុជា​ពិតជា​មាន​ប្រភព​រ៉ែ​ដ៏​សម្បូរ​បែប ដែល​មាន​ភស្តុតាង​ជាក់ស្ដែង​លើ​បណ្ដុំ​ថ្ម​ជាច្រើន​ប្រភេទ​ចម្រុះ ជា​ថ្ម​កាឡាក់ស៊ី ដែល​អ្នក​ទាំងអស់​គ្នា​អាច​មើល​ឃើញ ជា​បណ្ដុំ​នៃ​រ៉ែ​ធម្មជាតិ​ចម្រុះ​គ្នា​គ្រប់​ធាតុ បើ​តាម​ជំនឿ​អ្នក​ប្រើប្រាស់​ថ្ម​ចម្រុះ​ធាតុ​នេះ ​អាច​ជួយ​លើក​រាសី ផ្ដល់​លាភ​សំណាង ភាព​ត្រជាក់ត្រជំ ដូច​មាន​ទឹកជ្រោះ​ថ្ម​ធម្មជាតិ​​ចម្រុះ​ពណ៌​នៅ​ក្នុង​គេហដ្ឋាន សណ្ឋាគារ ក្រុមហ៊ុន អាគារ​របស់​អ្នក​ទាំងអស់​គ្នា។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​រីកចម្រើន និង​ការ​ការ​កុម្ម៉ង់​ទិញ ការ​វិនិយោគ​រោងចក្រ ដើម្បី​កែច្នៃ​ថ្ម​កំពុង​រីកចម្រើន ឥត​ឈប់ឈរ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ច្បាស់លាស់ រហ័ស​ទាន់​សម័យ​កាល របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ទើប​ឆ្នាំ​នេះ​សមាគម​ថ្ម​អារ មាន​កម្លាំង និង​បាន​សហការ​គ្នា​ជាច្រើន​ក្រុមហ៊ុន ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ដាក់​តាំង​បង្ហាញ​ទាំង​ផលិតផល​ថ្ម​អារ, ការ​រចនា​ស្តង់​បែប​សហសម័យ ភ្ជាប់​ជាមួយ​ចម្លាក់​វប្បធម៌ និង​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ ឲ្យ​ភ្ញៀវ​អន្តរជាតិ​បាន​ទស្សនា និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។ កម្ពុជា​ជា​ដៃ​គូ​ដ៏​មាន​សក្ដានុពល ស្វាគមន៍​មក​កាន់​កម្ពុជា។

លោកស្រី ឡេង ដាវី បានថ្លែងបញ្ជាក់ថា «នាង​ខ្ញុំ​បាន​ចូលរួម តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះថ្ម​ខ្មែរ​ជាច្រើន​ប្រភេទ​បាន​មក​ដាក់​តាំង​បង្ហាញ​ជាច្រើន​ឆ្នាំ​មក​ហើយ ការ​ចូលរួម​ពិព័រណ៍​នៅ​សៀមិន​នេះ​គឺ​ជា​ការ​តាំង​បង្ហាញ​ជា​សកល ដែល​បាន​ផល​ពិត​មែន ដោយ​ថ្ម​ខ្មែរ​បាន​លក់​ចេញ​ទៅ​ទូទាំង​សកល​ក្នុង​រយៈពេល ១០ ឆ្នាំ​មក​នេះ»។

កូនស្រី​ឧកញ៉ា ឡេង ឫទ្ធី រូប​នេះ​កត់​សម្គាល់​ថា លទ្ធផល​ទទួល​​វិជ្ជមាន​ជាច្រើន ដូចជា​ការ​លក់ ,ការ​ទទួល​បាន​ការ​បញ្ជា​ទិញ ទទួល​បាន​ដៃគូ​សហការ​ធ្វើ​ទីផ្សារ​ទទួល​ទិញ ដើម្បី​ចែក​ចាយ​បន្ត​ទៅ​ប្រទេស​ចិន, អឺរ៉ុប, អាមេរិក, អូស្ត្រាលី, ហ្វីលីពីន និង​នេប៉ាល់​ជាដើម។ ជាពិសេស​ទទួល​បាន​ការ​សរសើរ​មិន​នឹកស្មាន​ថា កម្ពុជា​មាន​សក្ដានុពល​ថ្ម​អារ មាន​រោងចក្រ​ជាច្រើន​កំពុង​ចែកចាយ​ជុំវិញ​ពិភពលោក​ដូចនេះ​ឡើយ ។

ដើម្បី​ឲ្យ​មាន​ការ​សហការ​គ្នាកាន់តែ​ល្អ​ថែម​ទៀត លោកស្រី ឡេង ដាវី បង្ហាញ​ក្ដី​សង្ឃឹមថា ក្រសួង​ពាណិជ្ជកម្ម​យកចិត្តទុកដាក់​ជួយ​រៀបចំ និង​គាំទ្រ​ដល់​ដំណើរ​ការ​នៃ​ការ​ពិព័រណ៍​រួមគ្នា​ថ្នាក់​ជាតិ​ទៅ​ឲ្យ​បាន​ច្រើន​ប្រទេស,ច្រើន​វិស័យ ផ្សារ​ភ្ជាប់​វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ