ប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជាចំនួន ១១ប្រទេស បង្ហាញឆន្ទៈខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង ១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ឲ្យមានការកើនឡើង។
ការបង្ហាញឆន្ទៈរបស់ប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលដឹកនាំដោយលោក Salah A Essa កុងស៊ុលកិត្តិយសប្រទេសស៉ីប (Cyprus) ប្រចាំនៅកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ខែមីនានេះ។


នៅក្នុងឱកាសនោះ សម្ដេចបានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀត ដែលជាការចង់បានរបស់ប្រទេសកម្ពុជា។
លោក Salah Essa បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ូកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១ មានការរីកចម្រើនបន្ថែមទៀត ជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង ១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត។
លោកក៏បានសរសើរដែរ ពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជាដែលមានកត្តាសុខសន្តិភាពក្រោមការដឹកនាំដោយសម្ដេច ហ៊ុន សែន កន្លងទៅ និងបន្តដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផលនៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀតដែរ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង១១៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ