កម្ពុជាស្នើសុំឲ្យគណៈប្រតិភូក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភាអាម៉េរិក ជំរុញក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ស្របពេលទំហំនៃការវិនិយោគរបស់អាម៉េរិកនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសដទៃ។
ការស្នើរបស់ភាគីកម្ពុជា ក្នុងពេលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោក Brett Horton នាយកខុទ្ទកាល័យរបស់សមាជិកសភា Steve Scalise ប្រធានក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភាអាម៉េរិក នារសៀលថ្ងៃចន្ទ ខែមីនានេះ។


ក្នុងជំនួបនោះ លោក ជា វុទ្ធី បានលើកឡើងពីវឌ្ឍនភាពនៃការវិនិយោគជារួមនៅកម្ពុជា និងបានកត់សម្គាល់ពីទំហំនៃការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាដែលនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត។ លោកថា អាម៉េរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជាធ្វើការនាំចេញ។ ទន្ទឹមគ្នានេះ លោកបានស្នើលោក Brett Horton និងប្រតិភូអមជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ជាការឆ្លើយតប លោក Brett Horton បានសម្តែងនូវការសាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរអំពីការជំរុញទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ក្នុងឆ្នាំ២០២៤ មានទំហំ១០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC