សភាពាណិជ្ជកម្ម AmCham៖ ជម្លោះពន្ធគយអាមេរិក និងអឺរ៉ុប មានហានិភ័យបង្កការខូចខាតដល់ ៩,៥ទ្រីលានដុល្លារ

សភាពាណិជ្ជកម្មអាមេរិកប្រចាំសហភាពអឺរ៉ុប AmCham បានព្រមានពីហានិភ័យនៃជម្លោះពន្ធគយ រវាងប្លុកមហាអំណាចសេដ្ឋកិច្ចទាំង២ ដែលអាចបង្កការខូចខាតផ្នែកទំហំពាណិជ្ជកម្ម រហូតដល់ ៩,៥ទ្រីលានដុល្លារប្រចាំឆ្នាំ។

សារព័ត៌មាន Reuters បានចុះផ្សាយថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីងតោន និង EU កំពុងឡើងកម្ដៅកាន់តែខ្លាំងឡើងៗ ក្រោយប្រធានាធិបតី Donald Trump ប្រកាសទារពន្ធគយបន្ថែម ពីការនាំចូលលោហធាតុពីអឺរ៉ុប និងគ្រឿងស្រវឹង រហូតដល់ ២០០% ខណៈ EU ក៏កំពុងរៀបចំវិធានការសងសឹកពន្ធផងដែរ។

តាមដានជាមួយយើង៖ Million Times

AmCham បានបង្ហាញឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុប គឺមានទំហំធំធេងខ្លាំង ដ្បិតកាលពីឆ្នាំ២០២៤ ប្លុកមហាអំណាចសេដ្ឋកិច្ចទាំង២ សម្រេចបានការធ្វើពាណិជ្ជកម្មទ្វេភាគី រហូតដល់ ២ទ្រីលានដុល្លារ។

ទិន្នន័យលក់របស់ក្រុមហ៊ុនអាមេរិកក្នុងតំបន់អឺរ៉ុប មានច្រើនជាង ៤ដងនៃទំហំនាំចេញរបស់អាមេរិកទៅអឺរ៉ុប ខណៈការលក់របស់ក្រុមហ៊ុនអឺរ៉ុប នៅលើទីផ្សារអាមេរិកមានច្រើនជាង ៣ដងនៃការនាំចេញរបស់អឺរ៉ុប។ AmCham បានព្រមានធ្ងន់ៗថា បើសិនជាជម្លោះពន្ធគយរវាងអាមេរិក និងអឺរ៉ុប នៅតែបន្តបែបនេះ វាច្បាស់ជាធ្វើឲ្យប៉ះពាល់ ដល់ទំហំពាណិជ្ជកម្មរវាងប្លុកទាំង២ ជាមិនខាន។

គួររំលឹកបន្តិចថា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ EU ទាំងការនាំចេញ និងនាំចូល គឺជាសហរដ្ឋអាមេរិក ដែលគ្របដណ្ដប់លើទំហំពាណិជ្ជកម្មរបស់ EU រហូតដល់ ១៧% ឯណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters