សម្តេច ហ៊ុន សែន ឲ្យរុស្សុីជំរុញវិនិយោគ និងពាណិជ្ជកម្ម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មត្រឹម ២៩លានដុល្លារ

សម្ដេច ហ៊ុន សែន ប្រាប់ទៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដោយបញ្ជាក់ថា សម្តេចចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងឲ្យសមស្របនឹងសក្តានុពល ឬទំនាក់ទំនងនយោបាយ។

នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក(Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនេះ ឯកអគ្គ​រដ្ឋ​ទូតបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់​ទំនង​គ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។ 

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធនឹងអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេច ហ៊ុន សែន ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងដែរ។ បច្ចុប្បន្ននេះមានតែ ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅ នឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សូមជម្រាបជូនថា កាលជំនួបលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤ ក្នុងនាមប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ធ្លាប់បានស្នើឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីរុស្ស៊ីមកកាន់កម្ពុជា ដោយសម្ដេចបាន ចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេស កម្ពុជាហើយ។

កាលណោះ ជាការឆ្លើយតបលោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតូចនូវឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួនកំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ